នៅព្រះរាជាណាចក្រកម្ពុជានាសព្វថ្ងៃនេះ ការរីកដុះដាលនៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានកើតឡើងជាគំហុកដែលលាយឡំទៅដោយសភាពវិជ្ជមានផង និង អវិជ្ជមានផង សម្រាប់សង្គមជាតិមួយដែលកំពុងធ្វើសមាហរណកម្មជាមួយនឹងតំបន់ផង និង ជាមួយនឹង សាកលលោកផង។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងតែត្រូវបានចែកចេញជាពីរប្រភេទ ដូចតែប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនានាក្នុងតំបន់អ៊ីចឹងដែរ គឺ៖
១- ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដែលរួមមាន កាសែត ទស្សនាវដ្តី ព្រឹតិ្តបត្រព័ត៌មាន ទិនានុប្បវត្តន៍ វិទ្យុ និង ទូរទស្សន៍ជាដើមហើយ។
២- ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានដូចជា Facebook online TV online គេហទំព័រ ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយទាំងពីរប្រភេទ ដូចខាងលើនេះ គេបានដឹងថា មានម្ចាស់ដល់ទៅពីរប្រភេទដែរ គឺប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋ មានរដ្ឋជាម្ចាស់ និងប្រព័ន្ធផ្សព្វផ្សាយឯកជន មានឯកជនជាម្ចាស់។ នៅទីនេះ យើងមិនរៀបរាប់ពី ឈ្មោះនៃម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាទេ ពីព្រោះមានច្រើនណាស់ដោយសារតែនិន្នាការចង់ធ្វើម្ចាស់ ចង់ធ្វើថៅកែ ចង់រកស៊ីតាមប្រព័ន្ធផ្សព្វផ្សាយឲ្យមានឆាប់រហូតដល់ថ្នាក់ អជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយមានម្ចាស់ម្នាក់ជាអគ្គនាយកផង ជាអ្នកយកពត៌មានផង ពោលគឺ ស្ថាប័នសារពត៌មានមួយ មានអ្នកធ្វើការតែម្នាក់គត់, នេះប្រហែលជាករណីពិសេស តែមួយគត់នៅកម្ពុជា ដែលពុំមានប្រទេសណាដូច…។
ភាពពិសេសនៃកម្ពុជានេះ ក៏បានកើតឡើងពីភាពពិសេសៗនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាយើងផងដែរ។ សភាពពិសេសដែលធ្លាប់កើតមានពីអតីតកាលក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា ដែលពិភពលោកពុំដែលជួបប្រទះនោះ គឺ របាយការណ៍មួយដែលបានធ្វើពី ខែកញ្ញា ១៩៨៣ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយដែលត្រូវបានសារព័ត៌មានអន្តរជាតិធំៗ យកទៅផ្សព្វផ្សាយយ៉ាងល្បីល្បាញទូទាំងពិភពលោកនោះ គឺមានអ្នកកាសែតខ្មែរ ១៩១នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងសម័យ ប៉ុល ពត ចន្លោះពីថ្ងៃ ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា ត្រូវបានប្រោសឲ្យរស់រានមានជីវិតឡើងវិញ ដោយសារគុណបុណ្យនៃបក្សប្រជាជនបដិវត្តន៍កម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមាន សម្តេច ហេងសំរិន និង សម្តេចតេជោ ហ៊ុន សែន ដឹកនាំរៀងដរាបមក និងមាននូវកេរ្តិ៍ឈ្មោះឥស្សរជន នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួន ដូចជា លោក ជ័យ សាផុន លោក ឯម សំអាន លោក កែវ ប្រាសាទ ឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តម ឳម យ៉ិនទៀង ។ល។
បើយើងងាកមកបច្ចុប្បន្នវិញ កម្ពុជាបាននិងកំពុងស្ថិតនៅលើស្ថានភាពទុំជោរទៅហើយនៃការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ , ប្រសិនបើកម្ពុជាចង់សម្រេចបានជោគជ័យដល់ការអនុវត្តន៍កំណែទម្រង់រដ្ឋដ៏ទូលំទូលាយមួយ និងស៊ីជម្រៅប្រកបដោយផ្លែផ្ការួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ហិរញ្ញវត្ថុសាធារណៈ។ល។ ទៅតាមអ្វីដែលគណបក្សកាន់អំណាច CPP ចង់បាន និងដោយមានកំណត់ទុកក្នុងកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។
តើត្រូវធ្វើកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយតាមរបៀបណា? ហើយនរណាជាអ្នកដឹកនាំធ្វើកិច្ចការនេះ?
សំណួរពីរដែលមានចម្លើយតែមួយគត់ គឺ ទៅតាមច្បាប់ជាធរមាន និងប្រាកដនិយមនៃសង្គមកម្ពុជាបច្ចុប្បន្ន គឺ ÷ ក្រសួងព័ត៌មាន ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការនេះ ដែលមាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីប្រកបដោយប្រជាប្រិយភាពខ្ពស់ជាមួយនឹងអ្នកសារពត៌មាន អ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ទាំងរដ្ឋ ទាំងឯកជនកម្រិតជាតិ និងឯកជនកម្រិតអន្តរជាតិ។
ការបង្កើតគណៈកម្មាធិការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយមួយសម្រាប់កម្ពុជាដោយមានភាគីពាក់ព័ន្ធចូលរួម តាមបែបដែលភាសាអង់គ្លេស ហៅថា Stake holder គួរត្រូវបានពិចារណា និងបង្កើតឡើងដោយរួមមាន សមាសភាព ជាប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកដែលមានបទពិសោធន៍ ជំនាញការងារនៃប្រព័ន្ធផ្សព្វផ្សាយ មានក្រមសីលធម៌ដ៏ល្អប្រពៃ មានកេរ្តិ៍ឈ្មោះល្អ ក្នុងប្រព័ន្ធផ្សព្វផ្សាយផ្ទៃក្នុងជាតិ-អន្តរជាតិផង និងក្នុងចំណោមមហាជនផង។
គណៈកម្មាធិការកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវតែជាស្ថប័នដែលត្រូវបានបង្កើតឡើងដើម្បី ធ្វើការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់ជាប្រយោជន៍ដល់សាធារណជនដល់ ប្រជាជាតិកម្ពុជា ជាពិសេសបានជាប្រយោជន៍ដល់មនុស្សច្រើនម៉ឺននាក់ ដែលកំពុងតែធ្វើការ ប្រកបរបរចិញ្ចឹមជីវិតក្នុងវិស័យព័ត៌មាន ឬក្នុងប្រព័ន្ធផ្សព្វផ្សាយនេះជាបឋម។
គណៈកម្មាធិការកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវសិក្សាឲ្យបានល្អិតល្អន់តាមបែបវិទ្យាសាស្ត្រព័ត៌មាន វិទ្យាសាស្ត្រនយោបាយសេដ្ឋកិច្ច បទពិសោធន៍ល្អៗរបស់បណ្តាប្រទេសនានា ដែលអាចយកមកប្រើប្រាស់តាមស្ថានភាពពិតនៅកម្ពុជាបាន ដោយត្រូវពិនិត្យមើលទៅ លើសព្វសារពើនៃវិស័យព័ត៌មាន ជាពិសេសការផ្តល់យោបល់ទៅលើច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដ៏សឹងតែគម្រិលទៅហើយនោះ ហើយដែលនឹងត្រូវធ្វើវិសោធនកម្មតាមបែបកាត់មួកតម្រូវក្បាលអ្នកពាក់ និងកិច្ចការផ្សេងៗដទៃទៀត ឲ្យតែទាក់ទងទៅនឹងកិច្ចការនៃ ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយពិតប្រាកដ បានទទួលការទុកចិត្តពីមហាជន មិនមែនប្រព័ន្ធផ្សព្វផ្សាយបង្កើតឡើងបែបពពុះសាប៊ូ បែបរវើរវាយ ការពារប្រយោជន៍ថៅកែ ម្នាក់គត់ ឬក្រុមតូចណាមួយដែលនាំឲ្យទៅជាការរារាំងដល់ដំណើរការកសាងសន្តិភាពអចិន្ត្រៃយ៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជានិរន្តរ៍ប្រកបដោយចីរភាពនោះទេ។
គណៈកម្មាធិការកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវតែជ្រួតជ្រាបនូវគោលគំនិតស្មារតីថ្មីៗ និយមទាន់សម័យទំនើប ដូចជា ត្រូវមានគំនិតលើកតម្កើងប្រយោជន៍ជាតិ ឧត្តមភាពជាតិ កិត្យានុភាពជាតិ និងអន្តរជាតិរបស់កម្ពុជាដូចជា ៖
១- ត្រូវបន្តអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយជាតិក្នុងបរិបទមិនចំណាយខ្ជះខ្ជាយថវិកាបង់ពន្ធរបស់ប្រជាពលរដ្ឋ។
២- លើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយឯកជនក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅដោយធានាផលចំណេញរបស់ឯកជនផង និងប្រយោជន៍សាធារណៈផង។
៣- លើកកម្ពស់ការផ្សាយព័ត៌មានពិត និងត្រឹមត្រូវ ឈរលើស្មារតីទទួលខុសត្រូវ និង គោរពសីលធម៌វិជ្ជាជីវៈ។
៤- រកវិធីធ្វើរបៀបរដ្ឋចម្រុះឯកជន ចំពោះប្រព័ន្ធផ្សព្វផ្សាយឯកជនណាដែលនឹងពិនិត្យមើលទៅឃើញថា អាចនឹងក្ស័យធនដោយខ្វះខាតធនធានមនុស្ស និងការគ្រប់គ្រងមិនត្រឹមត្រូវ តាមបែបបទគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដើម្បីធានានាំឲ្យមានការបាត់បង់ការងារក្នុងទ្រង់ ទ្រាយធំ។
៥- ចាត់វិធានការដោយគ្មានយោគយល់ទៅលើការផ្សាយព័ត៌មានក្លែងក្លាយបន្ត អសន្តិសុខ អសណ្តាប់ធ្នាប់ អសីលធម៌ប្រាសចាកវប្បធម៌ប្រពៃណីខ្មែរ តាមគ្រប់រូបភាព សំដៅធានាឲ្យខាងតែបាននូវការ ការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គម ជាយូរអង្វែងឆ្នាំ។
សូមជ្រើសរើសយកកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយដោយល្មមៗគ្មានបង្អង់ ប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយ បើមានការកែទម្រង់បានល្អ និងបន្តរំកិលរស់នៅបានតទៅមុខទៀត ផ្ទុយទៅវិញ បើពុំដូច្នោះទេ ការបាត់បង់ការងារនឹងមកដល់ ការក្ស័យធននឹងកើតមានឡើង។
សូមឱ្យប្រព័ន្ធផ្សព្វផ្សាយនីមួយៗប្រឹងប្រែងឡើងដោយខ្លួនឯង សូមអ្នកធ្នើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគ្រប់ៗរូប ភ្ញាក់រលឹកដឹងមុនពីជោគវាសនាល្អ ឬមិនល្អរបស់ខ្លួន វាអាស្រ័យទៅដោយខ្លួនអ្នកតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ឆ្នាំងបាយលេខ១០ មិនអាចរំលែកទៅមនុស្សរាប់សិបនាក់បានទេ, ប្រព័ន្ធផ្សព្វផ្សាយធំសមរម្យល្មមមួយប្រកបដោយគុណភាព និងទុកចិត្តបានសម្រាប់បណ្តាជនខ្មែរនៃ ប្រមាណ១៦លាននាក់ មិនត្រូវសំពីងសំពោងតាមបែបក្បាលដំរីកន្ទុយកណ្តុរនោះ និងតាមបែបប្រព័ន្ធផ្សព្វផ្សាយផ្លែល្វានោះឡើយ។
ប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា នាឳកាសជួបជុំជាមួយនឹងអ្នកសារព័ត៌មាន នាថ្ងៃទី១៤ ខែមករា ២០២០ នៅកោះពេជ្រ រាជធានីភ្នំពេញ “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” គួរបានជាប្រទីបបំភ្លឺផ្លូវដល់គណៈកម្មាធិការកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប្រសិនបើគណៈកម្មាធិការនេះត្រូវបានបង្កើតឡើង ទោះបីក្រោមទ្រង់ទ្រាយ និងរូបភាពណាក៏ដោយចុះ៕ដោយ : មជ្ឈមណ្ឌលព័ត៌មាន CEN







