Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉ូលិស​ចេញ​សេចក្តីណែនាំ ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​​-១៩

​ភ្នំពេញ : អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត​សាវឿន នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នេះ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​។​

អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា អនុវត្តតាម​ការអំពាវនាវ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សេចក្តីណែនាំ​លេខ ០០២​ស​ណន របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាលជាតិ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ដូចខាងក្រោម​៖

១-​អនុញ្ញាតឱ្យ​គ្រប់​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រៀបចំ​ឱ្យមាន​ការផ្លាស់​វេន​មន្ត្រី​ប្រចាំការ ក្នុង​អង្គភាព​នីមួយៗ ដោយ​ត្រូវ​ធានា​រក្សា​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​។ ដោយឡែក មន្ត្រី​ដែល​មិនត្រូវ​វេន​ប្រចាំការ ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច នៅផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ អន​ឡាញ ជានិច្ចកាល​ត្រៀម​ទទួល​ការទាក់ទង និង​អនុវត្តតាម​ការណែនាំ​។​

២-​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ “៣​ការពារ និង​៣​កុំ​” (​ពាក់​ម៉ាស់ លាងដៃ ឬ​បាញ់​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឱ្យបាន​គ្រប់គ្នា គ្រប់​ទីកន្លែង និង​កុំ​នៅ​កន្លែង​សាធារណៈ​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ជួបជុំ​មនុស្ស​ច្រើន កុំ ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​ឱបថើប​គ្នា​) ធ្វើការ​វាស់​កំដៅ​នៅ​ច្រកចេញ​-​ចូល និង​ស្កេ​ន QR Code ដើម្បី​ពិនិត្យ និង​ទប់ស្កាត់​កូ​រីដ​-១៩ ឱ្យបាន​ជាប្រចាំ​។​

៣-​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការរៀបចំ​កិច្ចប្រជុំ ការ​ប្រារព្ធ​ពិធី ការជួប​សំណេះសំណាល​នានា លើកលែង​តែមាន​ករណី​ចាំបាច់ ឬ មាន​បទបញ្ជា​។​

៤-​ត្រូវ​តាមដាន ត្រួតពិនិត្យ​សុខភាព​របស់ខ្លួន​ជាប្រចាំ​។ សម្រាប់​កងកម្លាំង​ដែលមាន​អាកា​រៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬ​មានការ​សង្ស័យ​ណាមួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ពុំ​ចាំបាច់​មក​បំពេញការងា​រ នោះទេ និង​ត្រូវ​រាយការណ៍​ទៅ​អង្គភាព​របស់ខ្លួន ហើយ​ត្រូវ​ប្រ​ញ៉ាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ ពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទៅ​ភ្នាក់ងារ​សុខាភិបាល​តាមរយៈ​ទូរស័ព្ទ​លេខ ១១៥​។​

៥-​ផ្អាក​ការអនុញ្ញាត​ចេញ​-​ចូល​បរិវេណ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​បណ្តោះអាសន្ន ចំពោះ ប្រជាពលរដ្ឋ ឬ​បុគ្គល​ដែល​ពុំមាន​ភារកិច្ច ចាប់ពីពេលនេះ រហូតដល់​មានការ​ណែនាំ​ជាថ្មី​។ ដោយឡែក​សម្រាប់​ភ្ញៀវ​ដែល​មក​ទំនាក់ទំនង​ការងារ​ជា​ផ្លូវការ ឬ ការងារ​ប្រចាំថ្ងៃ មន្ត្រី​តម្រួត បទបញ្ជា​ប្រចាំការ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ណែនាំ​ភ្ញៀវ​ឱ្យ​ឆ្លងកាត់​ទ្វារ​សម្លាប់​មេរោគ (​បាញ់​អាល់កុល​) និង​វាស់​កំដៅ ពី​សំណាក់​គ្រូពេទ្យ​ប្រចាំការ ដោយ​រក្សា​គម្លាត​សុវត្ថិភាព មុន​អនុញ្ញាតឱ្យ​ចូលជួប នាយកដ្ឋាន​រដ្ឋបាល​ទូទៅ ដើម្បី​បញ្ជាក់​ព័ត៌មាន និង​គ្រប់គ្រង​អត្តសញ្ញាណ​បុគ្គល​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាលជាតិ នាយកដ្ឋាន​-​អង្គភាព​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ចាត់តាំង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×