Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP សម្ពោធ​របាយការណ៍​ស្ដីពី​គម្លាត​ប្រាក់​ឈ្នួល​រវាង​ស្ត្រី និង​បុរស​នៅ​កម្ពុជា​

​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​សម្ពោធ​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្ដីពី គម្លាត​ប្រាក់​ឈ្នួល ដែល​នៅ​បន្ត​កើតមាន​រវាង​ស្ត្រី និង​បុរស​នៅ​កម្ពុជា​។ របាយការណ៍​នេះ​បង្ហាញ​ពី​និន្នាការ​ដែល​កំពុង​បន្ត​វិ​វ​ឌ្ឍ និង​កត្តា​ដែលមាន ឥទ្ធិពល​លើ​គម្លាត​ប្រាក់​ឈ្នួល​។​

​ដើម្បី​វិភាគ​លើ​គម្លាត​នេះ របាយការណ៍​នេះ​ប្រើ ប្រាស់​ទិន្នន័យ​ដែល​បាន​ពី​ការអង្កេត​សេដ្ឋកិច្ច​សង្គមកិច្ច​កម្ពុ​ជា (CSES) ឆ្នាំ​២០១៤ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ និង​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ Oaxaca-Blinder​។ ផ្អែក​តាម​ការអង្កេត CSES ឆ្នាំ​២០១៩ និង​ការកែតម្រូវ​ស្ថិតិ ឲ្យ​ស្របតាម​ភាពលម្អៀង​ក្នុងការ​ជ្រើសរើស ប្រាក់​ឈ្នួល​រវាង​ស្ត្រី និង​បុរស​មាន​គម្លាត ១៩%​។​

​របាយការណ៍​នេះ​បង្ហាញ​ពី​កត្តា​ជាច្រើន​ដែល​រួមចំណែក​នាំ​ឲ្យ​មាន​គម្លាត​បែបនេះ​។ វិធីសាស្ត្រ​វិភាគ Oaxaca-Blinder បង្ហាញថា គម្លាត​នៃ​ការអប់រំ​រវាង​ស្ត្រី និង​បុរស​រួមចំណែក ៦% នៃ​គម្លាត​ប្រាក់​ឈ្នួល​នេះ រីឯ​គម្លាត​នៃ​បទពិសោធន៍​វិញ រួមចំណែក ១៤%​។ ការ​ដែលមាន​ចំនួន​ស្ត្រី​ច្រើន​លើសលុប​ធ្វើ​ការងារ​ដែលមាន​ជំនាញ​ទាប រួមចំណែក​ថែម ៤% ទៀត​។​

​យ៉ាងណាក្តី លក្ខណៈ​ដែល​មិនអាច​អង្កេត​វាស់វែង​បានរួម​ចំណែក​ធ្វើ​ឲ្យ​មាន​គម្លាត​ប្រាក់​ឈ្នួល ១០៥%​។ លក្ខណៈ​ទាំងនោះ​ជាធម្មតា ត្រូវបាន​គេ​បកស្រាយ​ថា​ជា​ភស្តុតាង​បង្ហាញ​ពី​ការរើសអើង​ក្នុង​ទីផ្សារការងារ ប៉ុន្តែ​ក៏​អាច​កើតឡើង​ដោយសារ​កត្តា​ផ្សេងទៀត ដូចជា​ជំនាញ​ទន់ ឬ​គុណភាព​នៃ​ការអប់រំ​ជាដើម ដែល​ពុំ​ត្រូវបាន​បញ្ចូល​ទៅក្នុង​ការអង្កេត​នេះ​។​

​ដោយឡែក​សម្រាប់​លក្ខណៈ​ប្រជាសាស្ត្រ​វិញ ស្ថានភាព​អាពាហ៍ពិពាហ៍​ត្រូវបាន​រកឃើញថា​ជា​កត្តា​សំខាន់បំផុត ដែល​កំណត់​ពី​ការងារ​ទទួលបាន​ប្រាក់កម្រៃ​របស់​ស្ត្រី ដែល​វា​ធ្វើ​ឲ្យ​លទ្ធភាព​ទទួលបាន​ការ​ងារ​ធ្វើ​សម្រាប់​ស្ត្រី​ដែល​រៀបការ​ហើយ​ថយចុះ ៣៨%​។ ដោយឡែក ការកើនឡើង​នូវ​ទំហំ​គ្រួសារ និង​កម្រិត​នៃ​ការអប់រំ​របស់​មេ​គ្រួសារ បង្កើន​លទ្ធភាព​របស់​ស្ត្រី​ក្នុងការ​ក្លាយជា​អ្នកធ្វើ​ការដែល​ទទួលបាន​ប្រាក់កម្រៃ​។​

​លោក Nick Beresford តំណាង UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្ត្រី ជា​មធ្យម ទទួលបាន​ប្រាក់​ឈ្នួល​តិចជាង​បុរស​ចំនួន ១៩% សម្រាប់​ការងារ​ដូចគ្នា​។ បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​ទទួលបាន​ភាព​ស្មើរ​គ្នា ប៉ុន្តែ​វា​ក៏​ពាក់ព័ន្ធ​នឹង​ឱកាស​ក្នុងការ​បង្កើត​នូវ​ទីផ្សារការងារ​ដែល​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ ប្រសិនបើ​យើង​អាចធ្វើ​បាន យើង​នឹង​អាច​បង្កើន​ភាពរុងរឿង​សម្រាប់​គ្រប់គ្នា ទាំង​ស្ត្រី និង​បុរស ទាំង​កុមារី និង​កុមារា​។ »

UNDP បន្ត​គាំទ្រ​ដល់​ការលើកកម្ពស់​ស្ត្រី​នៅ​កម្ពុជា ដូចជា​តាមរយៈ​ការគាំទ្រ​ដល់​ក្រសួង​កិច្ចការនារី ក្នុងការ​ពិនិត្យ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ និង​គោលនយោបាយ​យេនឌ័រ​របស់​កម្ពុជា​ជាដើម​។ កម្មវិធី​ជាច្រើន​របស់ UNDP ក៏​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការពង្រីក​ការចូលរួម​របស់​ស្ត្រី ក្នុង​សកម្មភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ផងដែរ​។ កម្មវិធី​ទាំងនេះ រួមមាន ការបង្កើន​សមត្ថភាព​របស់​សហគ្រិន​ជា​ស្ត្រី តាមរយៈ​ការអនុវត្ត​កម្មវិធី​បណ្ដុះ​គំនិត​ធុរកិច្ច កម្មវិធី​ព​ន្លឿ​ន​គំនិត​ធុរកិច្ច និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​ធុរកិច្ច​របស់​ពួកគេ និង​ការលើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម និង​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ក្នុង​ការងារ​ការពារ​ព្រៃឈើ ការគាំទ្រ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​បោសសម្អាត​មីន​ក្នុងការ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​បន្ថែមទៀត​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន និង​ការធ្វើការងារ​ជាមួយនឹង​កសិករ​ជា​ស្ត្រី ដើម្បី​បង្កើន​បច្ចេកទេស​ធ្វើ​កសិកម្ម​ឆ្លាត​វៃ​ខាង​អាកាសធាតុ​៕​

រក្សាសិទ្ធិដោយ៖CEN

×