ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines (ប្រទេសចិន) បាននិយាយថា ខ្លួនបានផ្អាកការងារអ្នកបើកយន្តហោះប្រុសម្នាក់ និងអ្នកបម្រើលើយន្ដហោះម្នាក់ បន្ទាប់ពីមានឧប្បត្តិហេតុនៅក្នុងកាប៊ីនថ្នាក់ទីមួយ ដែលធ្វើឱ្យការហោះហើរគ្មានសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ដុងហៃ DZ62907 ដែលធ្វើដំណើរចេញពីទីក្រុងណានតុង, ជាំងស៊ូ ទៅកាន់ទីក្រុងស៊ីអាន ខេត្តសានយាន ប្រទេសចិន។
ភាពចម្រូងចម្រាសមួយបានកើតឡើងនៅពេលដែលអ្នកបើកយន្តហោះកំពុងប្រើបង្គន់នៅក្នុងកាប៊ីនថ្នាក់ដំបូង ហើយនៅពេលភ្លាមៗនោះ អ្នកដំណើរម្នាក់ក៏មានតម្រូវការដែរ។ អ្នកបើកយន្ដហោះស្នើឱ្យអ្នកដំណើរអង្គុយរង់ចាំវេនសិន ប៉ុន្តែ ត្រូវបានគេព្រងើយកន្តើយ។
នៅពេលគាត់ចេញពីបង្គន់ អ្នកបើកយន្តហោះរូបនោះ បានរកឃើញថាភ្ញៀវនៅតែរង់ចាំគាត់នៅខាងក្រៅទ្វារ។ នៅពេលនោះ កំហឹងក៏បានផ្ទុះឡើង ដោយអ្នកបើកយន្តហោះបានហៅអ្នកបម្រើថ្នាក់ទីមួយ មកស្តីបន្ទោសចំពោះការ «មិនបានបំពេញការងារត្រឹមត្រូវ ដែលប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ»។
ដោយគិតថា គាត់ត្រូវបានគេស្តីបន្ទោសដោយអយុត្តិធម៌ បុរសអ្នកបម្រើការហោះហើរបានប្រកែកគ្នាយ៉ាងខ្លាំង ជាមួយអ្នកបើកបរយន្តហោះ។ បន្ទាប់មកពួកគេទាំង២នាក់ បានស្ទុះវាយប្រតប់គ្នា ដែលបង្កការភ័យខ្លាចដល់អ្នកដំណើរនៅក្នុងថ្នាក់ទីមួយតែម្តង។
នៅក្នុងការប្រយុទ្ធគ្នានោះ អ្នកបើកយន្តហោះបានធ្វើឲ្យបាក់ដៃអ្នកបម្រើ។ រីឯចំណែកអ្នកបើកយន្តហោះវិញ ក៏បាក់ធ្មេញផងដែរ។ បន្ទាប់ពីយន្ដហោះចុះចត អ្នកបម្រើនោះ ពុំត្រូវបានអនុញ្ញាតឲ្យចូលនៅលើជើងហោះហើរដដែលទេ។
ហេតុការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ដុងហាយរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថា មិនបានយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់អ្នកដំណើរ។ ដុងហៃបាននិយាយថា ពួកគេបានបញ្ឈប់ការងារទាំងអ្នកបើកយន្ដហោះ និងអូតែសប្រុសនោះហើយ។
ក្រុមហ៊ុនអាកាសចរណ៍ Donghai បាននិយាយថា “យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពចម្រូងចម្រាសរវាងសមាជិកនាវិក និងមានការពិនិត្យផ្ទៃក្នុងយ៉ាងម៉ត់ចត់ បន្ទាប់ពីឧប្បត្តិហេតុនេះ។ ហើយបុគ្គលិកដែលពាក់ព័ន្ធត្រូវបានបញ្ឈប់ពីការងារសម្រាប់ការហោះហើរគ្មានសុវត្ថិភាព” ។
Donghai បានបន្ថែមទៀតថា ពួកគេនឹងធ្វើការ “វាយតម្លៃសុវត្ថិភាពទូទៅ” បន្ទាប់ពីឧប្បត្តិហេតុនេះ។
ទាក់ទងនឹងជម្លោះផ្តើមចេញពីរឿងប្រើប្រាស់បង្គន់នេះផងដែរ អ្នកបើកយន្តហោះជើងចាស់ Chen Jianguo បានប្រាប់ Caixin ថា អ្នកដំណើរមិនត្រូវបានអនុញ្ញាតឱ្យចូលក្បែរបន្ទប់ទឹកទេ នៅពេលដែលអាកាសយានិកប្រើប្រាស់បង្គន់ ដោយសារតែហានិភ័យនៃការវាយលុកដែលអាចនាំឱ្យមានភាពអាសន្ន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


