ខេត្តកំពត៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្រោយពេលផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក សកម្មភាពទេសចរណ៍ហាក់ស្ងប់ស្ងាត់ ដោយក្នុងមួយសប្តាហ៍មានទេសចរទៅសម្រាកកម្សាន្តរង្វង់ ៧ទៅ៨ពាន់នាក់ ប៉ុណ្ណោះ ពោលគឺថយចុះរង្វង់៥០ភាគរយ។
លោក បានគូសបញ្ជាក់ថា ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅខេត្តកំពត បានធ្លាក់ចុះក្នុងរង្វង់ ៥០ភាគរយ ប៉ុន្តែកន្លែងផ្តល់សេវាទេស ចរណ៍នានា នៅបន្តបើកដំណើរការជាធម្មតា តាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩។
លោកបន្តថា កន្លងមកសកម្មភាពទេសចរណ៍ក្នុងខេត្តកំពត មានដំណើរការល្អប្រសើរជាធម្មតា ដោយ ជាមធ្យមក្នុងមួយសប្តាហ៍ មានទេសចរទៅសម្រាកកម្សាន្តលេងក្នុងរង្វង់ ១ម៉ឺន ៥ពាន់នាក់ ប៉ុន្តែ ទោះយ៉ាងនេះក៏ដោយអាជីវកម្ម និងកន្លែងផ្តល់សេវាទេសចរណ៍នានា នៅតែបន្តបើកដំណើរការជាតម្មតា តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩។
ម្ចាស់អាជីវកម្មវិស័យសេវាកម្មទេសចរណ៍ និងបឹងហ្គាឡូស្នាក់ក្នុងខេត្តកំពត បានអះអាងស្រដៀងគ្នាថា ក្រោយផ្ទុះការឆ្លងរីករាលដាលជំងឺកូវី-១៩ នៅក្នុងសហគមន៍ ២០ ខែកុម្ភៈមក ចំនួនភ្ញៀវទៅសម្រាកនៅបឹងហ្គាឡូក្នុងខេត្ត មានការធ្លាក់ចុះច្រើន ដែលកាលពីមុនមានភ្ញៀវទៅសម្រាកច្រើន យ៉ាងតិចបំផុត ៤ ទៅ៥បន្ទប់ ប៉ុន្តែឥឡូវ ថ្ងៃខ្លះអត់ភ្ញៀវ ថ្ងៃខ្លះ១បន្ទប់ ឬ២បន្ទប់ប៉ុណ្ណោះ។ រីឯសេវាកម្មទូកទេសចរណ៍សម្រាប់ដឹក ភ្ញៀវកម្សាន្តលេងតាមដងព្រែកកំពង់បាយវិញ ក៏ធ្លាក់ចុះភ្ញៀវខ្លាំងផងដែរ ពោលគឺអត់ភ្ញៀវតែម្តង ដោយកាលពីមុន វិស័យសេវាកម្មនេះអាចដឹកភ្ញៀវទេសចរលេងកម្សាន្តក្នុងស្រុក បានជាង ៥០នាក់ ទៅ ៦០នាក់ តែឥឡូវដឹកបួនប្រាំនាក់ ឬជួនកាលមិនបានចេញទូកតែម្តង៕
រក្សាសិទ្ធិដោយ៖CEN




