ភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រនៅក្រុងបាវិត ប្រមាណជាង ៥០នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដ៏រន្ធត់មួយ បានកើតឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។
ករណីក្រឡាប់រថយន្តដឹកកម្មករនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងប្រាប់ CEN ថា រថយន្តដែលក្រឡាប់ គឺបានដឹកកម្មករចំនួន ៦០នាក់ ដោយក្នុងនោះរបួសចំនួន ៥៣នាក់ និងរបួសធ្ងន់ចំនួន៧នាក់។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា រថយន្តដឹកកម្មករដែលកក្រឡាប់ គឺមូលហេតុដោយសារគេចរថយន្តមួយផ្សេងទៀតពីខាងមុខ ហើយក៏បានរេចង្កូតក្រឡាប់ទៅខាងឆ្វេងផ្លូវ និងបានបោកជាមួយនឹងដើមឈើ។
ប្រភពបានបន្តថា កម្មករដែលរបួសកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ មន្ទីរព្យាបាលពន្លឺបូព៌ា និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕ រក្សាសិទ្ធិដោយ៖ចេស្តារ






