ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឆ្មក់ចូលទៅចាប់វាយខ្នោះ ខណៈពេលកំពុងតែអង្គុយលក់ថ្នាំញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលគ្មានលេខ ក្រុមទី២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ អ៊ឹម សុភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ត្រង់ចំណុចឃាត់ខ្លួនខាងលើ មុខរបរមិនពិតប្រាកដ។
លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលសង្កាត់ច្បារអំពៅទី២ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ទើបកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន និងដកហូតគ្រឿងញៀនចំនួន៩កញ្ចប់ ដែលជារបស់ជនសង្ស័យច្រកលក់ទុកសម្រាប់លក់ឲ្យម៉ូយបន្ត និងសម្រាប់ទុកជក់ខ្លួនឯងខ្លះ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖សួងសាម




