ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃនេះ ពិធីការិនីដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ ហង្សមាស អ្នកនាង ចាន់ កែវ និមល បានឆ្លងវីរុសកូវីដ-១៩ និងបានកំពុងសម្រាកព្យបាលរួមជាមួយគ្រួសារដែលក៏ឆ្លងដូចគ្នា នៅឯសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) គឺមានរយៈពេល ០៤ ថ្ងៃ ហើយ។
យ៉ាងណាមិញ ក្រោយសម្រាកព្យាបាលកូវីដ-១៩ អស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅប៉ុន្មានម៉ោងមុននេះបន្តិច (ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១) អ្នកនាង នីមល បានប្រាប់ពីស្ថានភាពសុខភាពរបស់អ្នកនាង ស្វាមី និងកូនស្រី គឺបានល្អប្រសើរជាងមុនច្រើន។
ក្នុងនោះ អ្នកនាង ចាន់ កែវ នីមល បានបញ្ចាក់ប្រាប់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះស្ថានភាពក្រុមគ្រួសារខ្ញុំរួមទាំងប៉ាម៉ាក់គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញាំទឹកក្តៅ ខ្ពុលទឹកអំបិល ខំញាំនិងសម្រាក ជាពិសេសព្យាយាមហាត់ប្រាណខ្លះទៀតបន្ថែមជាមួយការញាំថ្នាំទៀងទាត់»។
អ្នកនាង ចាន់ កែវ នីមល ក៏បានបន្តទៀតថា «អរគុណក្រុមគ្រូពេទ្យប្រចាំការទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុងការយកចិត្តទុកដាក់មើលថែរយើងខ្ញុំបានយ៉ាងល្អសូមបងប្អូនថែទាំសុខភាពទាំងអស់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





