ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យនិងបានឃាត់ខ្លួនជនជាតិវៀតណាម ដែលកំពុងធ្វើការងារដោយមិនស្របច្បាប់ នៅតាមសិប្បកម្មតុទូចំនួន១៩នាក់ (ស្រី៣) ដើម្បីសួរនាំឯកសារស្នាក់នៅនិងសៀវភៅការងារ កាលពីព្រឹកថ្ងៃទី២ ខែ មីនា ឆ្នាំ ២០១៨នៅចំណុចតាមផ្លូវ៤៧៤ កែងលេខ៩៩ ស្ថិតនៅភូមិ៧នៅចំណុចរោងសិប្បកម្មធ្វើតុទូសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រតិបត្តិការនេះដឹកនាំដោយលោក សៀក សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមអនុវត្តពីឧត្ដមសេនីយ៍ឯក អ៊ុក ហៃ សីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងបានចូលរួមសហការអាជ្ញាធរមូលដ្ឋាន ខណ្ឌចុះត្រួតពិនិត្យជនជាតិវៀតណាមទាំងនោះ។
លោកឧត្ដមសេនីយ៍ឯក បានបន្តថា ក្រោយពីប្រតិបត្តិការខាងលើនេះ បានប្រមូលបានជនជាតិវៀតណាមប្រុសស្រីមានចំនួន១៩នាក់ ដោយមិនមានឯកសារគ្រប់គ្រាន់ហើយដោយមានការឯកភាពពីព្រះរាជអាជ្ញារង ឲ្យនាំខ្លួនយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរនាំរកឯកសារពាក់ព័ន្ធប្រកបការងារនិងស្នាក់នៅប្រទេសកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ