Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​សរុប​ចំនួន​១៥,២៨២​គីឡូក្រាម​ពី​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​នៅ​កំពង់ចាម​

​កំពង់ចាម ៖ ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា នាយករង​ខុទ្ទកាល័យ​សម្ដេច​ក្រឡាហោម និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ នូវ​សេចក្ដី​ផ្ដាំផ្ញើ​សួរ​សុខ​ទុក​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជាពិសេស​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ផ្ទាល់ ក្នុងការ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ក្រុមការងារ​ប្រតិបត្តិ​ការជាក់ស្ដែង ដោយ​ក្នុង​ម្នាក់​ទទួលបាន​ថវិកា ១​លាន​រៀល​ជា​រៀងរាល់ខែ ចាប់ពី​ខែមីនា​នេះ រហូតដល់​បញ្ចប់​កិច្ចប្រតិបត្តិការ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា សុគន្ធា ព្រមទាំង​សហការី ក៏បាន​អញ្ជើញ​ទស្សនា​គ្រាប់​យុទ្ធភណ្ឌ សម្ភារៈ​សឹក និង​បំណែក​ឆ្អឹង​សាកសព ដែល​ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេ បាន​ស្រង់​ឡើងមក​លើគោក​ជា​បន្តបន្ទាប់ ក្នុងនោះ​បើតាម​របាយការណ៍ គឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២០ រហូតដល់​ដើមខែ​មីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​សរុប​ចំនួន ១៥,២៨២​គីឡូក្រាម ព្រមទាំង​បំណែក​ឆ្អឹង​សព​មនុស្ស និង​សម្ភារៈ​សឹក​មួយចំនួនទៀត ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នាយករង​ខុទ្ទកាល័យ បាន​បញ្ជាក់ថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការពារជាតិ នឹង​ដឹកនាំ​ក្រុមការងារ​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ បើក​ការដ្ឋាន​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​ក្រោម​ទឹក ការដ្ឋាន​ទី​២ ស្ថិតនៅ​ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​នៃ​ទីបញ្ជាការដ្ឋាន​កង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​ក្រោម​ទឹក បាន​មានប្រសាសន៍​គោរព​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដែល​បានផ្ដល់​ការទុកចិត្ត​ខ្ពស់​មកលើ​ក្រុមការងារ និង​បានផ្ដល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រតិបត្តិការ​នេះ ។ ជាថ្មី​ម្ដងទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​មេបញ្ជាការ ក៏បាន​ប្ដេជ្ញាចិត្ត​ដឹកនាំ​ក្រុមការងារ​បន្ត​បេសកម្ម​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ជូន​រាជរដ្ឋាភិបាល ដើម្បី​សេចក្ដីសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​សូម​រម្លឹកថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​ខាងលើនេះ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ។ ក្រុមការងារ​នេះ​មាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ ជា​ប្រធាន អមដោយ​អនុប្រធាន​២​រូប គឺ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ។​

​ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​អន្តរក្រសួង​ត្រូវធ្វើ​សេចក្ដីរាយការណ៍ និង​ស្នើសុំ​យោបល់​ដឹកនាំ​ជាប្រចាំ ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ រហូត​ឈានដល់​ការបើក​ប្រតិបត្តិ​ការជាក់ស្ដែង ។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​ជាក់ស្ដែង​នូវ​លទ្ធផល និង​កិច្ចប្រតិបត្តិការ​របស់​ក្រុមការងារ នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​តាម​គម្រោង​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​នាវា​ច្បាំង​ដែល​លិច​ក្នុង​ទន្លេ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១​នេះ ។ យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​នោះ សម្ដេច​បានផ្ដល់​អនុសា​សន៍​ឱ្យ​ក្រុមការងារ​យកចិត្តទុកដាក់​ជា​អាទិភាព​ដល់​សុវត្ថិភាព ពោលគឺ​មិនអាច​ធ្វើការ​ដោយ​ប្រញាប់ប្រញាល់​ដើម្បីឱ្យ​សម្រេច​តាម​ផែន​ការដែល​បាន​ទុក​ពេក​នោះឡើយ ។​

​សូមបញ្ជាក់ថា ជុំវិញ​កិច្ច​ប្រតិបត្តិ​ការបោះសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លិច​ក្នុង​នាវាចម្បាំង​ដែល​លិច​ទឹក​ក្នុង​ទន្លេ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ បានសម្រេច​បន្ថែម​សមាសភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​មាន​សមាសភាព​មកពីរ​ដ្ឋ​បាល​ខេត្តកណ្ដាល និង​ខេត្តព្រៃវែង ។ តាម​ការស្រាវជ្រាវ​ក្រុមការងារ​អន្តរក្រសួង​គ្រោង​នឹង​បន្ត​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​លិច​ក្នុង​នាវាចម្បាំង​មួយចំនួនទៀត​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​, ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×