Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​វិទ្យាល័យ ហ៊ុន សែន រ៉ូ​តា ក្នុងស្រុក​ខ្សាច់កណ្ដាល ត្រៀម​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល

​ខេត្តកណ្ដាល​៖ បន្ទាប់ពី​មាន​ការកើត​ឡើងជា​បន្ត​បន្ទាប់ អាជ្ញាធរ​ខេត្តកណ្ដាល បាន​សម្រេចយក​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកវិទ្យា ហ៊ុន សែន រ៉ូ​តា ត្រៀម​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល នៅ​ស្រុក​ខ្សាច់កណ្ដាល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។​

​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ មន្ត្រី​ជួរមុខ​របស់​ស្រុក​ខ្សាច់កណ្ដាល កងកម្លាំង​មាន​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ នៅ​ស្រុក​ខ្សាច់កណ្ដាល និង​បាន​សម្រេចយក វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកវិទ្យា ហ៊ុន សែន រ៉ូ​តា ត្រៀម​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល នៅ​ស្រុក​ខ្សាច់កណ្ដាល​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​លើកឡើងថា វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកវិទ្យា ហ៊ុន សែន រ៉ូ​តា មាន​ទីធ្លា​ធំ​ទូលាយ មាន​កន្លែង​ហាត់ប្រាណ គឺជា​ទីតាំង​មួយ​ដែល​ល្អ និង​សាក​សម​បំផុត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅទីនេះ​។​

​មាន​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល ដែល​បាន​ស្រាវជ្រាវ ស្វែងរក អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នាពេល​កន្លងមក​។ ជាងនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​ខំ​បន្ត​ស្រាវជ្រាវ ស្វែងរក អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បន្ថែ​ម​ទៀត​។​

​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បានឱ្យដឹងថា ទូទាំង​ស្រុក​ខ្សាច់កណ្ដាល មាន​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ចំនួន ៥៣៥​នាក់ និង​បាន​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​៤៩៤​នាក់​។​

​សូមបញ្ជាក់​ផងដែរ​ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​កណ្ដាល​បាន​ស្រាវជ្រាវ​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​សរុប​ចំនួន ១១៥៣៨​នាក់ យក​សំណាក​បាន ៩៦៧៥​នាក់ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន ១៥១២​នាក់ នៅផ្ទះ​ចំនួន ៩៨៣៨​នាក់ មាន​ករណី​វិជ្ជមាន​ចំនួន ៧៩​នាក់ ករណី​ជាសះស្បើយ​ចំនួន ៣​នាក់ អ្នក​បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៥៣២​នាក់​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×