ថ្មីៗនេះ អ្នកនាង សេន ចិន្តា ហៅស្រីអ៊ីត ជាតារាកំប្លែងស្រីដ៏ល្បីឈ្មោះមួយរូប នៅក្នុងក្រុមនាយពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN បានបញ្ជាក់ថា នាងក៏បានវិជ្ជមានកូវីដ-១៩ ដែរហើយ។
ស្រី អ៊ីត បានប្រាប់ឲ្យដឹងថា នៅពេលនេះ រូបនាងកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះទៅយករូបនាងពីផ្ទះ ដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
តារាកំប្លែងស្រីវ័យ ៣៩ ឆ្នាំ រូបនេះ ក៏បានប្រាប់ពីដំណើរដើមទងនៃការឆ្លងនេះថា រូបនាងបានទៅធ្វើតេស្តវិជ្ជមានកូវីដ-១៩ គឺក្រោយពីទទួលដំណឹងថា តារាចម្រៀងស្រីកញ្ញា វី ឌីណែត បានឆ្លងកូវីដ-១៩ ដែលរូបនាងក៏ធ្លាប់បានប៉ះពាល់ដោយប្រយោលជាមួយផងដែរ។
ជាមួយគ្នានេះផងដែរ អ្នកនាង សេង ចិន្តា ក៏បានអំពាវនាវដល់អ្នកគាំទ្រ និងក៏ដូចមហាជន សូមកុំមានការរើសអើងនាង និងដ៏ដូចអ្នកដទៃទៀត និងផ្ទុយមកវិញ គឺត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់កុំឲ្យរីករាលដាលកាន់កូវីដកាន់តែខ្លាំងឡើង ព្រោះគ្មានអ្នកណាម្នាក់ចង់កើតជំងឺដ៏កាចសាហាវនេះទេ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានអ្នកសិល្បៈល្បីៗមួយចំនួន ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដែលក្នុងនោះបន្ទាប់ពីពិធីការិនី ចាន់ កែវ និមល និងគ្រួសារ គឺមានតារាចម្រៀងល្បីៗដូចជា លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song អ្នកផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា និងជាក់ស្តែងពេលនេះ គឺតារាកំប្លែងនាង អ៊ីត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








