ពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ត្រូវបានជនសង្ស័យម្នាក់បង្ខំចាប់រំលោភរហូតសម្រេចចំនួន៤ដង ហើយទើបតែលើកទី៥នេះ ក៏បានបែកធ្លាយដឹងដល់ម្តាយ ប្តឹងដល់សមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកក្រគរ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធៀង ធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើអនីតិជនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃជាប់ស្រែតាយឿន ខាងកើតផ្ទះចម្ងាយប្រហែល២៧០ម៉ែត្រ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ រ.ច.ម អាយុ១០ឆ្នាំ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ធៀង ធា បានធ្វើសកម្មភាពចាប់រំលោភលើខ្លួនបានចំនួន៥ដងហើយ ខ្លួនមិនហ៊ានប្រាប់ម្តាយឱ្យដឹង ដោយខ្លាចម្តាយវ៉ៃ និងដោយសារការខ្លាចពីការគំរាមរបស់ជនសង្ស័យថា បើនាងហ៊ានប្រាប់រឿងនេះឱ្យអ្នកណាមួយដឹងឮអញនឹងសម្លាប់ចោល ។
ជនសង្ស័យបានចាប់រំលោភមកលើខ្លួនបានចំនួន៤ដងមកហើយ តែមិនចាំថ្ងៃខែនោះឡើយ ទើបតែលើកទី៥នេះ ខ្លួនបានចាំថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៦ ខ្លួនបានទៅផ្លាស់ក្របីដែលយកទៅចងឱ្យស៊ីស្មៅនៅខាងកើតផ្ទះ ខណៈនោះជនសង្ស័យបានបក់ដៃហៅ ក៏ដើរទៅ រួចជនសង្ស័យចាប់ដៃទាញចូលព្រៃនៅចំណុចខាងលើ ហើយចាប់សម្រាតខោ ធ្វើសកម្មភាពដូចសព្វដង រហូតបានសម្រេចបំណងរបស់គាត់ទើបងើបចេញ ។ តាំងពីលើកទី១ រហូតដល់លើកទី៤ ទើបលើកទី៥ បានបែកធ្លាយរឿងដែលជនសង្ស័យធ្វើសកម្មភាពមកលើខ្លួនម្តងទៀត ដឹងដល់ម្តាយជនរងគ្រោះដឹងអំពីរឿងហេតុនេះ ក៏លួងលោមសួរនាំកូន ហើយនាងបាននិយាយប្រាប់អំពីរឿងនេះដល់ម្តាយពីដើមរហូតដល់ចប់ ។
លោកវរសេនីយទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ ធៀង ធា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ តែទោះជាសមត្ថកិច្ចធ្វើការសាកសួរតាមជំនាញរបស់សមត្ថកិច្ចយ៉ាងណាក្តី ជនសង្ស័យមិនព្រមសារភាពចំពោះករណីរឿងនេះឡើយ ។
នគរបាលបានបញ្ជាក់ថា ករណីនេះជនសង្ស័យពុំព្រមទទួលកំហុសរបស់ខ្លួននោះទេ ។ បើទោះបីជាជនសង្ស័យមិនព្រមសារភាពយ៉ាងក៏ដោយ ក៏សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជនសង្ស័យ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ