ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះជួល និងអ្នកជិតខាងនាំគ្នាចាប់ខ្លួនបាន រួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ខណៈជននេះធ្វើសកម្មភាពចាប់ប្អូនស្រីរបស់គូដណ្ដឹងខ្លួនរំលោភ ប៉ុន្តែមិនបានសម្រេច ដោយនាងរើបម្រាស់ ព្រមទាំងខាំអណ្ដាតជននេះ និងស្រែកបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ0៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះប៉ិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្ត្រីរងគ្រោះអាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះគឺត្រូវជាគូដណ្ដឹងនឹងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ នារីជាគូរដណ្ដឹង បានចេញទៅធ្វើការបាត់ ដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី (ជនរងគ្រោះ) នៅក្នុងបន្ទប់ជាមួយគ្នាតែ២នាក់។ ខណៈនោះនារីរងគ្រោះបានដេកមើលទូរស័ព្ទ នៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារដាក់គន្លឹះជាប់ រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទ និងច្របាច់សុដន់ ព្រមទាំងបឺតមាត់នាងបម្រុងរំលោភ។
ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែខណៈនោះ ត្រូវបាននាងរើបម្រាស់ មិនព្រម និងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល
អ្នកជិតខាងនិងម្ចាស់ផ្ទះជួលនាំគ្នា ចូលទៅមើលនិងគោះទ្វារ ទើបជនសង្ស័យដោះលែងនារីរងគ្រោះ។ បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅ ប្រាប់អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួល ចាប់ឃាត់ខ្លួនជននេះ ប្រគល់ជូនសមត្ថកិច្ចនគរបាល ដើម្បីសាកសួរនិងចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម


