ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងនឹងដាំដើមឈឺប្រណិតប្រមាណ១០ម៉ឺនដើមបន្ថែមទៀត នៅលើឧទ្យានជាតិរាជធានីភ្នំពេញដើម្បីជាលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ បំព្រងមានជម្រកពណ៌បៃតងមានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី១៣មីនានេះថា នៅពេលដ៏ខ្លីខាងមុខនេះជាគម្រោងរបស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃខាងមុខនេះគ្រោងនឹងដាំដើមឈើប្រភេទធ្នង់ប្រមាណ ១០ម៉ឺនដើមទៀតនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ លើផ្ទៃដី ៧៥ហិកតា ។
នេះជាការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹងនាំរដ្ឋបាលរាជធានីភ្នំពេញ ដោយលោក ធ្លាប់បានអំពាវនាវទៅប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ឱ្យចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង។ លោក ឃួង ស្រេង ធ្លាប់បានលើកឡើងថា៖ ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានបញ្ជាក់ឱ្យដឹងនៅរាត្រីថ្ងៃទី១៣មិននេះដែរថា៖ កន្លងមកនេះក្រោមគំនិតផ្តួចផ្តើមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមឈើចំនួន១០ម៉ឺនដើនៅពេលខាងមុខនេះ ដើម្បីបង្កើតឱ្យមានជម្រកបៃតងនៅរាជធានីភ្នំពេញ។ កន្លងមករដ្ឋបាលព្រៃឈើភ្នំពេញបានដាំដើមឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើន ដូចជានៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ដាំដើមធ្នុង គគីរ ១៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវ៦អា ជាង១០០០ដើម, នៅតាមផ្លូវចំការដូងជាង២០០០ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង៥០០ដើម, នៅវត្តភ្នៀត ជាង៩០០ដើម, នៅវត្តគល់ទទឹងជាង ១០០០ដើម,នៅក្នុងមន្ទីរពេទ្យកុមារជាតិ ជាង២០០ដើម, នៅវិទ្យាល័យសុខាភិបាការពារជាតិ ជាង៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញ ជាង២០០ដើម ។
ចំណែក លោកសំ សាមុត បានឱ្យដឹងនៅថ្ងៃទី១៣មីនានេះថា៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការដាំដើមឈើប្រណិតៗនេះ ដោយកន្លងមកនេះ លោកអភិបាលបានចុះផ្ទាល់ដើម្បីដាំដើមឈើនិងណែនាំឱ្យមន្ត្រីពាក់ព័ន្ធដាំផងដែរ ក្នុងនោះណែនាំឱ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ដាំឈើធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើង ប្រមាណពី១៥០០ដើមទៅ២០០០ដើម នៅអមសងផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពី ស្ពាន ដែកចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។ ដាំប្រភេទឈើធ្នង់សុទ្ធ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វាចំនួន១០០០ដើម។ ដាំប្រភេទឈើននេលនៅលើផ្លូវហាណូយចំនួនជាង១៥០០ដើមជាដើម ដាំនៅលើឧទ្យានខាងលិចស្ពានជ្រោយចង្វាចំនួន៣៦០ដើម ជាដើម។
គួរបញ្ជាក់ថា៖ ក្នុងពិធីដាំដើមឈើនាពេលកន្លងមកនេះលោក ឃួង ស្រេង បានអំពាវនាវដល់ ប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ត្រូវចេះស្រឡាញ់ដើមឈើឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង ។ ត្រូវចូលរួមដាំបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អនិងគង់វង់បង្កើនគំរបបៃតងឲ្យបានកាន់តែច្រើនដើម្បីរក្សាលំនឹងបរិស្ថាន និងធម្មជាតិសម្រាប់ជីវិតមនុស្សសត្វ លើភពផែនដីយើងនេះឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ។
ព្រៃឈើពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៍ និងការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដីនៅទីជំរាល និងប្រព័ន្ធការពារជីវចម្រុះជាដើម។ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ទ្រាក់ រន្ទះនិងរាំងស្ងួត,បាត់បង់មច្ចាជាតិគ្រប់ប្រភេទ និងអាចបង្កទៅជាវាលរហោឋាន ធ្លាក់ចុះគុណភាពដីជាដើម។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំ ដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អទុកសំរាប់កូនចៅយើងជំនាន់ក្រោយទៀត ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



