Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តការ​ថ្មី​នៃ​រដ្ឋបាល​រាជធានី គឺ​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ នឹង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​បន្តទៀត​

យន្តការ​ថ្មី ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​សាជាថ្មី​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់ឱ្យដឹង នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ទៅ​ក្រសួងសុខាភិបាល ដោយ​ដាក់ចេញ​យន្តការ​ថ្មី តម្រូវ​ឲ្យ​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ថែមទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង​ឆ្លង​ចូល​សហគមន៍​ទៅ​ថ្ងៃ​ខាងមុខ​បន្តទៀត​។​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឲ្យ​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ធ្វើ​កិច្ចសន្យា ៤​ចំណុច​ដូចខាងក្រោម ៖

១៖ បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​លំនៅឋាន​ផ្ទាល់ខ្លួន ឬ ទីតាំង​ឯកជន ដែលមាន​បន្ទប់​ដាច់ដោយឡែក​មាន​ខ្យល់​ចេញចូល​ល្អ ឱ្យបាន​គ្រប់ពេលវេលា​កំណត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​ដាច់ខាត​មិន​ដើរចេញ​ក្រៅ​ផ្ទះ ឬ បន្ទប់ ឬ ទីកន្លែង​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​មិន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាច់ញាតិ មិត្តភក្តិ ឬ បុគ្គល​ណាមួយ​ឡើយ​ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក​។​

២៖ បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវ​ត្រួតពិនិត្យ​កម្តៅ​ខ្លួន ពីរ (២) ដង​ក្នុង​មួយថ្ងៃ ហើយ​ប្រសិនបើ​មាន​អាកា​រៈ​គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរ​សំបោរ ពិបាក​ដកដង្ហើម ឈឺក្បាល ឈឺ​សាច់ដុំ ឬ រាក នឹង​រាយការណ៍​ជាបន្ទាន់​ទៅ​ទូរស័ព្ទ​លេខ ១១៥ ឬ ក្រុមគ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​ទ​ទូល​ការពិនិត្យ និង​ព្យាបាល​ឡើងវិញ​។​

៣៖ ប្តេជ្ញា​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​បំផុត​នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ការណែនាំ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

៤៖ ការមិន​អនុវត្តបាន​ត្រឹមត្រូវ ឬ អនុវត្ត​ដោយ​ធ្វេសប្រហែស​នូវ​វិធានការ​រដ្ឋបាល និង​/​ឬ វិធានការ​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជា​បទល្មើស ដែល​បុគ្គល​ល្មើស​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ព្រហ្មទណ្ឌ តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​សូម​បញ្ជាក់ដែរថា កម្ពុជា​កំពុង​ជួបប្រទះ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់មាន គឺជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់ មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន ១៣០៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៦៤៧​នាក់​, អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៥៦​នាក់​, ស្លាប់​ដោយសារ​កូ​វីដ​១៩ ម្នាក់ និង​ម្នាក់ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ ពេល​កំពុង​ទទួល​ការព្យាបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×