Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌ ធ្វើ​សន្និសីទ​បំភ្លឺ​រឿង​បង្កើត​ច្បាប់ ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​

​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង លោក កើត រិ​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ ដើម្បី​បំភ្លឺ​លើ​ការបង្កើត​ច្បាប់​ស្ដីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​គោលបំណង និង​ភាព​ច្បាប់​ចាំបាច់​នៃ​ការបង្កើតឡើង​នៃ​ច្បាប់ វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ​។ ច្បាប់​នេះ​មាន ៦​ជំពូក និង ១៨​មាត្រា​។​

​ច្បាប់​នេះ​ត្រូវបាន​ឡើង​ដើម្បី​កំណត់​អំពី​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ផ្សេងទៀត ដែល​ត្រូវអនុវត្ត​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំ​ងឹ​ឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត សំដៅ​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ក្នុង​ច្បាប់​នេះ គេ​បាន​ចាប់អារម្មណ៍​ចំពោះ​កម្រិត​ផាកពិន័យ និង​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​ជន​ទាំងឡាយ ក៏ដូចជា​អ្នកពាក់ព័ន្ធ ដែល​មិន​ចូលរួម​គោរព​នូវ​វិធានការ​របស់​អាជ្ញាធរ​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺឆ្លង ឬ​បង្កឱ្យមាន​ការឆ្លង​នៃ​ជំងឺ​ទៅកាន់​ជន​ដទៃ​។ ក្នុងនោះ​ពិន័យ​ជា​ប្រា​ក់មាន​ចាប់ពី ២​លាន​រៀល រហូតដល់​ទៅ ២០​លាន​រៀល ហើយ​ការដាក់​ពន្ធនាគារ​មាន​ចាប់ពី ៦​ខែ ដល់​ទៅ ២០​ឆ្នាំ​។​

​ច្បាប់​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​សម្តែង​ប្រតិកម្ម​ផងដែរ​។ ពួកគេ​បាន​លើកឡើងថា ការបង្កើត​ច្បាប់​នេះ ជាការ​ដាក់​ទម្ងន់​មួយ​បន្ថែមទៀត​ទៅលើ​សិទ្ធិសេរីភាព​បញ្ចេញមតិ​។​

​សូមបញ្ជាក់ថា ច្បាប់​ជំ​ងឹ​កូ​វីដ​១៩ ដែល​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១១ ខែមីនា នេះ បានកំណត់​ទោស​បញ្ញត្តិ​ធ្ងន់ធ្ងរ​។ ខាងក្រោម​នេះ ជា​កម្រិត​ផាកពិន័យ និង​ដាក់ពន្ធនាគារ ចំពោះ​អ្នកប្រព្រឹត្ត​នឹង​វិធាន​ទាំងឡាយ​ដាក់ចេញ​ដោយ​អាជ្ញាធរ​។​

​មាត្រា​៧ បទ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ មាត្រា​នេះ បាន​ចែងថា អំពើ​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​តាម​ការកំណត់​នៅក្នុង​អនុក្រឹត្យ​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦ (​ប្រាំមួយ​)​ខែ ទៅ ៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០ (​ពីរលាន​)​រៀល ទៅ ១០,០០០,០០០ (​ដប់​លាន​)​រៀល កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ​។​

​មាត្រា​៨ បទ​គេចវេះ​ពី​ការព្យាបាល ឬ​រត់គេច​ចេញពី​ទីកន្លែង​ព្យាបាល​៖ មាត្រា​នេះ ចែងថា អំពើ​គេចវេះ​ពី​ការតម្រូវ​ឱ្យទទួល​ការព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំ ទៅ ៥(​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០ (​ប្រាំ​លាន​)​រៀល ទៅ ២០,០០០,០០០ (​ម្ភៃ​លាន​)​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥(​ប្រាំ​)​ឆ្នាំ ទៅ ១០(​ដប់​)​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ​បាន​បណ្តាលឱ្យមាន​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ​។​

​មាត្រា​៩ បទ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ​៖ មាត្រា​នេះ​ចែងថា អំពើ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូ​វីដ​១៩ ដល់​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​៥(​ប្រាំ​)​ឆ្នាំ ទៅ ១០(​ដប់​)​ឆ្នាំ​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ ២០ (​ម្ភៃ​)​ឆ្នាំ កាលបើ​អំពើ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ក្រុម ឬ​អង្គការ​ចាត់តាំង​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×