ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានរួមគ្នា ជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងលើកំណត់ត្រា នៃកិច្ច ពិភាក្សា ជាមួយនឹង អាជ្ញាធរ កម្ពុជាគ្រប់គ្រង សកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការ ដោយសា រមីន (អាជ្ញាធរមីន) សម្រាប់អនុវត្តគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី ៤៖ សកម្មភាព បោសសម្អាតមីន ដើម្បីការអភិវឌ្ឍមនុស្ស (CfRIV)។
គម្រោង CfRIV រយៈពេល ៦ ឆ្នាំ អនុវត្ត ដោយ អាជ្ញាធរមីន ជាមួយនឹង ការគាំទ្រ ផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសពី UNDP នេះផ្ដោតលើការបោសសម្អាតគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមបង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ និងការ អប់រំគ្រោះថ្នាក់អំពីមីន ការពិនិត្យតាមដាននិងវាយតម្លៃ និងការ បញ្ជ្រាប យេនឌ័រ ក្នុងវិស័យសកម្មភាពមីន។
រដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ តាមរយៈ KOICA បាន ផ្ដល់ថិវកា ១០ លានដុល្លារអាមេរិក ដល់ វិស័យ សកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោង CfRIV នេះគិតចាប់ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ គម្រោងនេះក៏ទទួលបាន ថវិកាគាំទ្រពីប្រទេស អូស្ត្រាលី នូវែលសេឡង់ UNDP និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
វត្តមាននៃគ្រាន់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម បន្ត នាំឱ្យមានការ បាត់បង់អាយុជីវិត ការរងរបួស និង ធ្វើឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ ក្លាយជា ជនមានពិការភាព នៅ តាមតំបន់ជនបទនៅកម្ពុជា និង បាន បង្កជា ឧបសគ្គដ៏ធំមួយ ដល់ការពង្រីក ការងា រអភិវឌ្ឍន៍ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដោយយល់ច្បាស់ពីសារៈសំខាន់នៃផ្ទៃដីដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ កម្ពុជា បាន អនុម័ត គោលដៅ អភិវឌ្ឍន៍ដោយចីរភាព ទី ១៨ បន្ថែមមួយទៀត នោះគឺគោលដៅបញ្ចប់ ផលប៉ះពាល់អវិជ្ជមាន បង្កឡើងដោយសារ មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា «វត្តមាន នៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ បង្កទុក្ខលំបាកដល់ សហគមន៍ដែល រងផលប៉ះពាល់ និង កាន់តែធ្វើឱ្យមានជនរងគ្រោះ និង អ្នកដែល រស់រានជីវិតពីគ្រោះថ្នាក់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងការជួបប្រទះនឹង បញ្ហាអសន្តិសុខស្បៀង ការខ្វះទឹកស្អាត ពុំមានលំនៅដ្ឋានសមរម្យ ព្រមទាំងពុំមានដី សុវត្ថិភាពសម្រាប់ដាំដុះ និងកសាងប្រព័ន្ធធារាសាស្ត្រ ការកសាងផ្លូវថ្នល់ ការ ប្រកបរបរទទួលទាន និង ការ កសាង មជ្ឈមណ្ឌលសហគមន៍នានា ដូចជា ទីផ្សារ សាលារៀន មណ្ឌលសុខភាព ជាដើម។ ជំនួយដែលផ្ដល់ដោយសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA នេះ នឹងបំពេញបន្ថែមលើកិច្ចខិតខំប្រឹង ប្រែង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ឆ្លើយតប ចំពោះ ផលប៉ះពាល់អវិជ្ជមានទាំងនេះ។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ សាធារណរដ្ឋកូរ៉េ និង ប្រជាពលរដ្ឋកូរ៉េ ដែលបានផ្ដល់នូវជំនួយ ក្នុងកាយវិការដ៏ថ្លៃថ្លានេះ។ ខ្ញុំសូមថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅផងដែរចំពោះដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ ន័រវ៉េ កាណាដា បារាំង ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ នូវែលសេឡង់ ស្វីស ស៊ុយអ៊ែត ចិន និង អង្គការសហប្រជាជាតិ ដែលផ្ដល់ការគាំទ្រ ដល់ វិស័យសកម្មភាព បោសសម្អាតមីន ចាប់តាំង ពីឆ្នាំ ១៩៩២ មក។»
UNDP គឺជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាលកម្ពុជាក្នុងវិស័យ សកម្មភាពមីន ចាប់តាំងពីឆ្នាំ ២០០៦ មក។ តាមរយៈការគាំទ្រនេះ ផ្ទៃដី សរុប ចំនួន ២៥៥,៦ គីឡូម៉ែត្រការ៉េ ត្រូវ បាន រំដោះពីគ្រាប់មីន និង ផ្ដល់ទៅឱ្យ សហគមន៍ដែល រងផលប៉ះពាល់ដើម្បីប្រើប្រាស់សម្រាប់ការងារ ផលិតកម្មរបស់ពួកគេ។ វាបានជា ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១ លាននាក់ ដែលកំពុង រស់នៅតាមសហគមន៍ជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ច ខិតខំប្រឹង ប្រែង ជា សមូហភាព ប្រកបដោយ ការ ប្ដេជ្ញាចិត្តខ្ពស់ គឺជាអ្វីដែលចាំបាច់ត្រូវមាន ដើម្បីជំរុញឱ្យវឌ្ឍនភាព នេះ បន្ត ដំណើរទៅមុខទៀត និងឈានទៅសម្រេច ចំណុច ដៅរបស់កម្ពុជានោះគឺ «កម្ពុជា គ្មាន គ្រាប់មីន» ត្រឹមឆ្នាំ ២០២៥។
ជាមួយការគាំទ្រ ពី KOICA គម្រោង CfRIV នឹង បង្កើន សកម្មភាព បន្ថែមទៀត ដូចជា ការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់នៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការផ្ដល់ជំនួយ ដល់ ជនរងគ្រោះ ក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះរួមមានការរៀបចំសកម្មភាព បែបទំនើប ដែលឆ្លើយតប ចំពោះតម្រូវការ និងអាចធានាបាននូវនិរន្តរភាព ដើម្បីផ្ដល់ជំនួយដល់ជនរងគ្រោះនៅក្នុង តំបន់ដែល មានតម្រូវការ ចាំបាច់ជាងគេ នៅកម្ពុជា តាមរយៈការឆ្លើយតប ជាលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងសសរស្ដម្ភ ចំនួន៤៖ ការឆ្លើយតបនិងការ ផ្ដល់ការព្យាបាល បន្ទាន់ ការស្ដារលទ្ធភាពពលកម្មកាយ សម្បទា និងការព្យាបាល បរិយាបន្នសង្គម សេដ្ឋកិច្ច និងការអប់រំអំពីគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។
លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «សាធារណរដ្ឋកូរ៉េ គឺជា អ្នកផ្ដល់ជំនួយ ជាយូរមកហើយដល់រាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះ យើង បានមើលឃើញនូវការ បន្ត ការ គាំទ្រ នេះ តាមរយៈការ សន្យាផ្ដល់ថវិកា ចំនួន ១០ លានដុល្លារអាមេរិក សម្រាប់ សកម្មភាព បោសសម្អាតគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។ ការ ចូលរួមបដិភាគ ថ្មី បន្ថែមទៀតរបស់សាធារណរដ្ឋកូរ៉េ ដល់កម្មវិធីបោសសម្អាតមីនដើម្បីលទ្ធផល តាមរយៈកិច្ច សហការ ក្នុងភាពជាដៃគូជាមួយ UNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គ ដែល ជួយ កម្ពុជាក្នុង ការ បោសសម្អាតមីន ការផ្ដល់ ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ។ សកម្មភាពទាំងនេះជួយសង្គ្រោះជីវិត ការពារសហគមន៍ និងគាំទ្រ ដល់ ការ លើកកម្ពស់វិបុលភាព សម្រាប់សហគមន៍កសិករនៅជនបទ។»
លោក Rho Hyunjun នាយក KOICA ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះគឺជា ឆ្នាំមួយប្រកបដោយ អត្ថន័យថ្លៃថ្លាបំផុត ដែល សាធារណរដ្ឋកូរ៉េ ក្លាយជាអ្នកផ្ដល់ជំនួយថ្មីនៅក្នុង វិស័យ សកម្មភាព បោសសម្អាតមីននៅកម្ពុជា។ ថវិកា ដែលបានពី KOICA និងអ្នកផ្ដល់ជំនួយដទៃទៀតនឹងជួយពង្រីកផ្ទៃដី ដែល បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឱ្យជីវិត រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានសុវត្ថិភាព និងផ្ដល់ដីសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ ដល់ការ ស្ដារ សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញពីជំងឺកូវីដ-១៩៕
រក្សាសិទ្ធិដោយ៖CEN

