ភ្នំពេញ ៖ ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល និងគ្រួសារ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ហើយបន្ទាប់មក ត្រូវបានបញ្ជូនឲ្យស្នាក់នៅសម្រាកព្យាបាលនៅឯសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ ៥ អ៊ិនធើខន)។
តែទោះយ៉ាងណា នៅពេលនេះ អ្នកនាង ចាន់ កែវនិមល ពិតជាបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំង ខណៈកូនស្រីវ័យជិត ១០ ឆ្នាំ របស់ខ្លួន ត្រូវបានតេស្តថ្ងៃនេះជាសះស្បើយពីកូវីដ១៩ហើយ។ ហើយជាមួយគ្នានេះផងដែរ អ្នកនាងក៏បានបង្ហោះសារ ថ្លែងអំណរគុណដល់ទឹកចិត្តដ៏ធំធេងក្នុងការយកចិត្តទុកដាក់មកលើអ្នកជំងឺទាំងអស់របស់សម្តេចទាំងពីរ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមើលថែអស់ពីបេះដូង ក្រោមការដឹកនាំរបស់លោកឯកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។
អ្នកនាង ចាន់ កែវ និមល បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ថ្ងៃដែលខ្ញុំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុន ម៉ា ណែត និងបងស្រី ពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់? គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត សួរថាអោយប្អូនៗគួរប្រើពាក្យអរគុណបែបណាអោយស្មើរទំហំទឹកចិត្តមួយនេះ ការព្យាបាលកាន់តែមានប្រសិទ្ធភាពតាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ។
ជាក់ស្តែងជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំដែលមានអាយុជិត១០ឆ្នាំបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ សូមគោរពអរគុណម្តងទៀតសម្តេចពុកសម្តេចម៉ែដែលមិនចោលកូនៗក្នុងគ្រាដ៏លំបាកនេះ អរគុណបងប្រុសបងស្រីសម្រាប់ការហត់នឿយ១នេះ អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) សម្រាប់ការលះបង់ដ៏ធំធេង១នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


