កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា បានចេញសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្ត្រក្រុងច្បារមនខេត្ត កំពង់ស្ពឺ។
ព័ត៌មានលម្អិតសូមអាននូវសេចក្ដីជូនដំណឹងដូចខាងក្រោម៖ នៅថ្ងៃសុក្រ ទី១២ ខែ មីនា ឆ្នាំ ២០២១ ពេលរសៀល បានមកហាង «ណូណាស៊ីហ្វូត លក់គ្រឿងសមុទ្រ» នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃនោះ ក្នុងហាងក៏មានមនុស្សជាច្រើន ចូលហូបអាហាររួមទាំងម្ចាស់ហាងផងដែរ។ នៅថ្ងៃដដែលនោះ ក៏បានទៅលេងផ្ទះមិត្តភក្តិ នៅទីតាំងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខាងក្រោយបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ ។ នៅពេលរាត្រី បានទៅហាងនៅផ្សាររាត្រី នាមាត់ស្ទឹងព្រែកត្នោត ភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០ រសៀល បានចូលហាងកាហ្វេអាម៉ាហ្សូន (Amazon) នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតនៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន។ នៅថ្ងៃដដែល វេលាម៉ោង ១៦៖០០រសៀល បានទៅញ៉ាំអាហារ នៅហាងម៉ែប៉ុកឬស្សី ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង។
នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ក៏បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមការងារនៃគណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩របស់ខេត្ត ចុះទៅធ្វើការណែនាំ និងបានយកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងយកសំណាកទៅពិនិត្យ ព្រមទាំងធ្វើការផ្អាកជាបណ្តោះអាសន្ននូវទីតាំង ដូចបានបញ្ជាក់ខាងលើ ជាបណ្តោះអាសន្ន។ ក្រុមការងារកំពុងបន្តស្រាវជ្រាវ និងតាមដានស្វែងរកព័ត៌មានបន្ថែម ដើម្បីកំណត់អ្នកពាក់ព័ន្ធផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ