ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាស្ថានភាពដែលមានសុភាពខ្លាំងខ្លាជាងព្រឹត្តិការណ៍សហគមន៍៣០ វិច្ឆិកា ២០២០ និងព្រឹត្តិការណ៍សហគមន៍លើកមុន ដែលទាំងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា បានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពដ៏លំបាកនេះ ដែលធ្វើឱ្យកម្លាំងសេដ្ឋកិច្ចកម្ពុជាថមថយ។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យអ្នកសារព័ត៌មានដឹងថា ស្ថិតនៅក្នុងដំណាក់កាលនេះ គឺជាស្ថានភាពដ៏លំបាកមួយ ដែលធ្វើឲ្យកំលាំងសេដ្ឋកិច្ចកាន់តែថមថយទៅៗ។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ស្ថានភាពឆ្លងជំងឺកូវីដ១៩ ធ្វើឱ្យតម្រូវការទំនិញមានការធ្លាក់ចុះ និងការដឹកជញ្ជូនទំនិញមានការឡើងថ្លៃជាដើម។ កត្តាទាំងអស់នេះ នាំឲ្យមានបញ្ហាប្រឈមដល់សេដ្ឋកិច្ច។ ទោះយ៉ាងណា អ្នកជំនាញ នៅតែមានជំនឿ ចំពោះការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានា នាដែលបង្កឡើងដោយជំងឺឆ្លងដ៏កាចហាវមួយនេះ។
អ្នកជំនាញអះអាងថា ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន មានន័យថា ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ។
គិតត្រឹមរយៈពេលតែជិត១ខែប៉ុណ្ណោះ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ មានចំនួនអ្នកឆ្លងសរុបមានជាង ៨០០នាក់ ក្នុងចំណោមចំនួនអ្នកឆ្លងសរុបជាង១ពាន់៣រយនាក់។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះ អាងថា ការឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍លើកនេះ អាចនឹងពិបាកធ្វើទៅបានណាស់ ប្រសិនបើពលរដ្ឋម្នាក់ៗហាក់មិនសូវខ្វាយខ្វល់ ធ្វេសប្រហែសក្នុងការការពារខ្លួន។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់ ៤% ដូច ដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនោះទេ ព្រោះថា ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ ហើយចំនួនឆ្លងមិនធូរស្បើយ ដែលធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើននៃការរំពឹងទុក៤% ៕
រក្សាសិទ្ធិដោយ៖CEN



