ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី រយៈពេល ២ថ្ងៃ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។
អភិបាលរងខេត្តព្រះសីហនុ លោក ជាវ វិជ្ជាក់ បានឲ្យដឹងថា កន្លែងជួបជុំសំណេះសំណាល របស់សម្ដេច ហ៊ុន សែន សម្រាប់រយៈពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣-៤ ខែមីនា គឺនៅកន្លែងតែមួយ ស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង។ ប៉ុន្តែលោកថា សម្រាប់ថ្ងៃទី៣ ខែមីនានេះ សម្ដេចទទួលជួបបងប្អូនកម្មករកម្មការិនីរោងចក្រទាំងអស់ របស់តំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់ថ្ងៃទី៤ ខែមីនា សម្ដេចនឹងជួបបងប្អូនកម្មករកម្មការនី នៅតាមបណ្ដាលរោងចក្រនានា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស បូករួមកម្មករ កម្មការនី បំរើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផង ប៉ុន្តែកន្លែងជួបជុំ គឺនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងតែមួយដដែល។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បន្តថា ការជ្រើសយកការជួបជុំនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេស ក៏ដោយសារមានទីធ្លាធំទូលាយ មានផាសុកភាព ទាំងកន្លែងអង្គុយក្នុងកម្មវិធី និងកន្លែងចតទ្បានដឹកកម្មករ ដែលមានរថយន្តប្រមាណជា ៣០០ទ្បាន និង គួបផ្សំកន្លែងមានសុវត្ថិភាពផង។ កម្មវិធីជួបសំណេះសំណាល សម្តេច ហ៊ុន សែន ជាមួយក្រុមកម្មករកម្មការិនី ជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានចាប់ផ្តើមតាមការគ្រោងទុក ហើយចាប់ពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨មក គឺអាកាសធាតុ ឬផ្ទៃមេឃស្រឡះល្អ៕ ដែន សីមា