ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជិវិតស្លាប់នៅលើចញ្ចើមផ្លូវ ខណៈជិះម៉ូតូមួយគ្រឿងទៅបុកនិងខឿនថ្ម និងបោកជាមួយបង្គោលភ្លើងមួយដើមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៥០ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ទួន សុផល ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងធំខាងកើត ឃុំកន្ថោរខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD 4728
ធ្វើដំណើរពីទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោងផងនោះ បណ្តាលឲ្យជ្រុលចង្កូតបុកជាមួយនឹងខឿនថ្មបោកក្បាលខ្ទប់ជាមួយនឹងបង្គោលភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកពិនិត្យនិងវាស់វែងរួចប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម










