សៀមរាប៖ បឹងពារាំង ជាបឹងអភិរក្សជីវចម្រុះមួយនៅក្នុងខេត្តសៀមរាប។ បឹងនេះ សម្បូរដោយ ព្រៃលិចទឹក សត្វស្លាបជាច្រើនប្រភេទ រួមនិងត្រីពូជផងដែរ។ បឹងពារាំង មានសក្កានុពលទេសចរណ៍ ខ្ពស់ ដោយសារមានជម្រកសត្វស្លាបជាច្រើនប្រភេទនៅទីនោះ ។ យ៉ាងណាក៏ដោយ តំបន់ដែលនៅ មិន ឆ្ងាយប៉ុន្មានពីទីរួមខេត្តសៀមរាបនេះ នៅមិនទាន់មានការអភិវឌ្ឍនៅឡើយ។
បឹងពារាំងនេះ ស្ថិតនៅជាប់មាត់បឹងទន្លេសាប មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីទីប្រជុំជនសង្កាត់ជ្រាវ ក្រុងសៀមរាប។ ឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ និងការគ្រប់គ្រងមិនត្រឹមត្រូវ បឹងដែលជាជម្រកត្រីមេពូជដ៏សំខាន់មួយកន្លែងនៅជាប់មាត់បឹងទន្លេសាប ស្ទើរតែក្លាយជាវាលរហោឋាន ដោយការកាប់ព្រៃលិចទឹកទន្ទ្រានយកដី និងការចូលទៅនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យ។
ដោយមើលឃើញពីសក្តានុពលនៃតំបន់មាត់បឹងទន្លេសាបមួយនេះ ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ បានរួមគ្នាបង្កើតជាសមាគមមួយដែលមានឈ្មោះថា «សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង» ដោយ បានស្នើទៅស្ថាប័នពាក់ព័ន្ធ ដើម្បីអភិរក្សតំបន់នេះ សម្រាប់វិស័យទេសចរណ៍។
ប្រធានសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង លោកគង់ មង្គល បានរៀបរាប់ថា កាលពីពេលកន្លងទៅ ទីតាំងនេះគឺជាតំបន់ដែលមានការនេសាទយ៉ាងអនាធិបតេយ្យ។ ប៉ុន្តែចាប់តាំងពីបានទទួលការអនុញ្ញាតឲ្យចូលគ្រប់គ្រង ការពារនៅតំបន់នេះ និងឆ្លងកាត់កាប្តេជ្ញាចិត្តខ្ពស់ របស់ប្រជាសហគមន៍ រួមជាមួយការគាំទ្រផ្លូវច្បាប់ពីស្ថាប័នជំនាញពាក់ព័ន្ធផងនោះ តំបន់«បឹងពារាំង» បានក្លាយខ្លួនពីវាលរហស្ថាន មកជាទីជម្រករបស់សត្វត្រី ក្លាយជាទីរកចំណីរបស់សត្វស្លាបរាប់រយប្រភេទ ដែលនេះ គឺជាសក្តានុពលដ៏ធំ ក្នុងការទាក់ទាញអ្នកទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្តផងដែរ។ លោកថា សក្តានុពលទាំងអស់នេះ ក៏ជាកត្តាជំរុញឲ្យសហគមន៍កសាងនូវផែនការអភិវឌ្ឍទេសចរណ៍បន្ថែមទៀត ដូចជាការកសាងផ្លូវជិះកង់នារដូវប្រាំងជាដើម។ សត្វស្លាបនៅបឹងពារាំងនេះ បច្ចុប្បន្នកំពុងកើនឡើងច្រើន ប្រមាណជា១៧០ប្រភេទ។
គួរបញ្ជាក់ថា បឹងពារាំងមានសក្កានុពលទេសចរណ៍ខ្ពស់។ បឹងនេះមានផ្ទៃទំហំ២៧០ហិកតា ហើយបើគិតទាំងដីព្រៃលិចទឹកផង តំបន់នេះ មានផ្ទៃដីទំហំជាង៣០០ហិកតា។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារនៅតាមកោះនានា ដែលមានក្នុងបឹងផងដែរ សម្រាប់ ទាក់ ទាញភ្ញៀវ ទេសចរក្នុងស្រុក និងអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ CEN