ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តនិងលោកអ៊ឹម មេសាប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានអញ្ជើញ នាំយក ទឹកបរិសុទ្ធចំនួន៨០០យួរ ដែលជាការឧបត្ថម្ភរបស់មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រនិងនវានុវត្តន៍ខេត្តស្វាយរៀង ប្រគល់ជូនដល់រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីត្រៀមបម្រុងទុកទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងកម្លាំងមន្ត្រីជំនាញក្រោមឱវាទ លោក តូច ប៉ូលីវ៉ា បានកោតសរសើរ និងថ្លែងអំណរគុណដល់ទឹកចិត្ត ឆន្ទៈ បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។
បន្ថែមពីលើនេះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មកជូនដល់បងប្អូនកងកម្លាំង និងមន្ត្រីក្រោមឱវាទផងដែរ ។
ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕ រក្សាសិទ្ធិដោយ : វ៉ៃកូ


