ខេត្តបាត់ដំបង៖ការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយសមត្ថកិច្ចកម្លាំងមន្ត្រីឧទ្យានុរក្សស្រុកសំឡូត នឹងបញ្ជូនទៅកាន់តុលាកាដោយសារជាប់ពាក់ព័ន្ធដឹកជញ្ជួនផលអនុផលព្រៃឈើក្នុងដែនហាមឃាត់ស្រុកសំឡូត។
កម្លាំងមន្ត្រីឧទ្យានុរក្សស្រុកសំឡូតបានប្រាប់ឲ្យដឹងថា ក្រោយការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១នេះមន្ត្រីជំនាញបានសម្រេចរៀបចំសំណុំបែបបទបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងតែម្តងដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំង ២នាក់មានឈ្មោះ សៀប សុធួន ភេទប្រុស អាយុ៥៨ឆ្នាំបច្ចុប្បន្នរស់នៅក្នុងស្រុកសំឡូត និងម្នាក់ទៀតមានឈ្មោះខាន់ ភារៈ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កម្លាំងមន្ត្រីឧទ្យានុរក្សស្រុកសំឡូតប្រាប់សារព័ត៌មានថា ការបង្ក្រាបខាងលើធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនាកន្លងមកនេះដោយកម្លាំងមន្ត្រីឧទ្យានុរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមន្ត្រីល្បាត MJP បានស្ទាក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ នៅលើកំណាត់ផ្លូវខណ:ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពដឹកឈើចេញពីតំបន់ហាមឃាត់ក្នុងស្រុកសំឡូត។
ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរមន្ត្រីជំនាញ ឧទ្យានុរក្សស្រុកសំឡូតរឹបអូសបានវត្ថុតាងរួមមាន: រថយន្តពណ៌ត្រីអ៊ីដឹកឈើខុសច្បាប់ចំនួន ១គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ០២. ២-២៩៥៧ រួមទាំងឈើសុក្រំចំនួន ៤ដុំ ស្នើរ០,២៧៥ម៉ែត្រគូបផងដែរ៕ រក្សាសិទ្ធិដោយ៖CEN



