Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សា រ៉ា​យ ស​ក្ខ​ណា បង្ហាញ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ នៅ​អាមេរិក តាមពិត​គេ​ចាក់​អ៊ីចឹង​សោះ​… (​វីដេអូ​)

​ដូចដែល​យើង​គ្រប់គ្នា​បានដឹងហើយថា ជំងឺ​កូ​វីដ​១៩ ពុំ​ត្រឹមតែ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​ប៉ុណ្ណោះ​ទេ គឺ​ជំងឺ​នេះ​នៅតែ​កំពុងមាន​ឥទ្ធិពល និង​វាយលុក​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក​។ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ​ផងដែរ ឃើញថា​មាន​ប្រទេស​ជាច្រើន ក៏​កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ផងដែរ​។​

​យ៉ាងណាមិញ ទន្ទឹមនឹង​ប្រទេស​កម្ពុជា កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ថ្មីៗ​នេះ តារា​សម្តែង​ស្រី​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ក៏​បានចេញ​វីដេអូ​មួយ ដើម្បី​បង្ហាញ​ទៅដល់​បងប្អូន​នៅ​ស្រុក​ខ្មែរ​បានឃើញ ថា​តើ​នៅ​អាមេរិក​គេ​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ យ៉ាងដូចម្តេច​ខ្លះទៅ​…​។​

​តាមរយៈ​វីដេអូ​ប៉ុន្មាន​នាទី តារា​សម្តែង​ស្រី អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បានបង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្តែង និង​ប្រាប់​ឲ្យ​ដឹងថា នៅ​អាមេរិក កន្លែង​ចាក់​វ៉ាក់សាំង គឺ​គេ​មិន​ធ្វើ​នៅក្នុង​មន្ទីរពេទ្យ​នោះទេ គឺ​គេ​ធ្វើ​ខាងក្រៅ​ក្រុង​ដូចជា​នៅ​ព្រលានយន្តហោះ​ជាដើម ព្រោះថា​ការចាក់​នៅ​ទីវាល​ខាងក្រៅ​នេះ ដើម្បី​គេ​រក្សា​សុវត្ថិភាព​ឲ្យ​យើង​។ អ្នកនាង​បន្តថា ការចាក់​ថ្នាំ​នេះ គឺ​តម្រូវ​ឲ្យ​នៅក្នុង​ឡាន ហើយ​គ្រូពេទ្យ​មកចាក់​ឲ្យ​យើង​នៅក្នុង​ឡាន​តែម្តង​។

​អ្នកនាង ស​ក្ខ​ណា បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់មក គេ​សួររក​ថ្ងៃ​ណាត់​ចាក់​ថ្នាំ និង​ក៏ដូចជា​ប័ណ្ណសម្គាល់ខ្លួន​របស់​យើង (​ដែល​នេះ​គឺជា​សួរនាំ​តង់​ទី​១)​។ ហើយ​សម្រាប់​តង់​ទី​២ គឺ​គេ​សួរនាំ​ថា​តើ​យើង​មានប្រតិកម្ម​ជាមួយ​ការចាក់​ថ្នាំ​ផ្សេងៗ​ដែរ ឬ​អត់​ទេ​? មាន​ទម្ងន់ (​គភ៌​) ឬ​អត់ និង​បញ្ហា​ផ្សេងៗ​ទៀត មុននឹង​អនុញ្ញាត​ឲ្យ​យើង​ចាក់​ថ្នាំ​។ ហើយ​បន្ទាប់ពី​ចាក់​ថ្នាំ​រួច គេ​មិនទាន់​ឲ្យ​យើង​ទៅផ្ទះ​ភ្លាម​ទេ គឺ​គេ​ឲ្យ​រង់ចាំ ១៥ នាទី សិន ដើម្បី​ចង់ដឹងថា​យើង​មាន​អាការ​អ្វី​អត់ ប្រសិនបើ​អត់​មាន​បញ្ហា​អ្វី​ទេ ទើប​គេ​ឲ្យ​យើង​ទៅផ្ទះ​បាន​។​

​ជា​ចុងបញ្ចប់​នៃ​វីដេអូ សា​រ៉ា​យ ស​ក្ខ​ណា ក៏បាន​ជូនពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ ជាពិសេស​ជៀសផុត​ពី​ជំងឺ​កូ​វីដ​ដ៏​កាច​សាហាវ​មួយ​នេះ និង​ក៏​សូម​ឲ្យ​បងប្អូន​ដែល​កើត​ជំងឺ​នេះហើយ សូម​ឲ្យ​រឹងមាំ កុំ​មានការ​តក់ស្លុត កុំ​មានការ​ភ័យខ្លាច គឺ​ត្រូវ​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​សូម​បងប្អូន​កុំ​មានការ​រើសអើង​ដល់​ពួកគាត់ ព្រោះ​គ្មាន​អ្នកណាម្នាក់​ចង់​កើត​ជំងឺ​នេះ​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×