ខេត្តស្វាយរៀង ៖ នៅវេលាម៉ោងប្រមាណជា ១០ និង ២០ នាទីយប់ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ រវាងរថយន្តកុងតឺន័របានបើកបុករង្វង់មូលរូបក្រពើ ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅទល់មុខសាលាស្រុកកំពង់រោទិ៍ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើជាប្រភេទរថយន្តដឹកកុងតឺន័រ ពាក់ផ្លាកលេខភ្នំពេញ 3 D 22 43 របស់ក្រុមហ៊ុនស៊ីខេ(CK) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ បានបើកបររថយន្តខាងលើ នៅលើដងផ្លូវជាតិលេខ 314 Dក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ គេសង្ស័យថាតែកុងរថយន្តមិនស្គាល់ស្ថានភាពភូមិសាស្ត្រ ជាចំណុចប្រសព្វដែលមានរង្វង់មូលរូបក្រពើ នៅចំកណ្តាលផ្លូវប្រសព្វគូបផ្សំកន្លែងកើតហេតុមានសភាពងងឹត ឬអាចបណ្ដាលមកពីតែកុងងងុយដេក ក៏បានបើករថយន្ដខាងលើមកបុករង្វង់មូលរូបក្រពើតែម្ដង បានបណ្ដាលឱ្យខូចខាតគ្រឹះរូបក្រពើ ព្រមទាំងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង មិនអាចទៅមុខទៀតបាន។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រួចមក តៃកុងរថយន្តបានរត់យករួចខ្លួន ដោយបន្សល់ទុកនូវរថយន្តបង្កហេតុ តាំងពិព័រណ៍នៅកណ្ដាលរាត្រី អស់រយៈពេលរាប់ម៉ោង គេមិនទាន់ឃើញមានរថយន្តស្ទូច មកយករថយន្តបង្កហេតុខាងលើនោះទេ។
សូមបញ្ជាក់ផងដែរថា រង្វង់មូលរូបក្រពើនៅស្រុកកំពង់រោទិ៍នេះទើបតែកសាងសាជាថ្មី ប៉ុន្តែមិនទាន់បានសម្ពោធជាផ្លូវការនោះទេ ចៃដន្យក៏ត្រូវបានរថយន្តកុងតឺន័រ បុកបណ្តាលឲ្យខូចខាតគ្រឹះរូបសំណាកក្រពើអស់មួយចំហៀងប៉ែកខាងជើងតែម្តង៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ






