ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី ២ តាមប្រព័ន្ធអ៊ីនធើណែត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ដោយផ្តោតលើការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» និង កិច្ចពិភាក្សាពិសេសៗជាច្រើនទៀត ដែលនឹងលើកយកមកពិភាក្សាគ្នាក្នុងកិច្ចប្រជុំមួយនេះ ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ គណបក្សសំខាន់ៗ នៅក្នុងតំបន់ និង ក្របខណ្ឌ ICAPP។
យោងតាម សេចក្តី ប្រកាស ព័ត៌មាន របស់ក្រុមប្រឹក្សា វប្បធម៌ អាស៊ី (ACC) បានឱ្យដឹងថា លោកជំទាវ ឃួន សុដារី អនុប្រធាន ទី២ នៃ រដ្ឋសភាកម្ពុជា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សា វប្បធម៌ អាស៊ី ជាមួយនឹងលោក ចូហ្សេ ដឺវេណេស្សា ដែលជាប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធាន ស្ថាបនិក ACC និង លោក ចូរ ប៉ីយ៉ុងចេ អគ្គលេខាធិការ ICAPP នឹង ធ្វើជា អធិបតីភាព ក្នុង ពិធី បើក កិច្ចប្រជុំ នេះ ។
កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ឬ ហៅកាត់ថា ACC លើកទី២នេះ នឹងមានចូលរួមពីបណ្តាដឹកនាំគណបក្សនយោ បាយធំៗដែលជាសមាជិក ICAPP និង ACC មកពី ២៥ ប្រទេស ព្រមទាំងបណ្តាអង្គការអ្នកសង្កេតការណ៍អន្តរជាតិនានា សរុបប្រមាណជា១០០នាក់ ដែលនឹងចូលរួមប្រជុំ តាមប្រព័ន្ធអ៊ីនធើណែត នៅវេលាម៉ោង ០១:០០រសៀល ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
សូមរំលឹកថា ពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី» (ACC) បានប្រារព្ធធ្វើឡើងជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅលើទឹកដីសៀមរាបអង្គរ ដែលជាទីជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
គួរបញ្ជាក់ថា ការប្រារព្វជាលើកដំបូងនោះ មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់សំខាន់ៗ ជាសមាជិករបស់ ICAPP និង បានចូលរួមពីបុគ្គលថ្នាក់ដឹកនាំ ដែលមានដូចជា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និង បណ្តាថ្នាក់ដឹកនាំរដ្ឋសភាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៣៨ប្រទេស ក៏ដូចជាបណ្តាមិត្តមកពីទី្វបអឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកឡាទីន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូណេស្កូ សរុបប្រមាណ ៨០០នាក់៕
រក្សាសិទ្ធិដោយ៖CEN



