ខេត្តប៉ៃលិន ៖ បច្ចុប្បន្ននេះ អង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានធ្វើការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ និងរំដោះដីសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ដោយទទួលបានការកោតសសើរ និងបង្ហាញជាគំរូដល់ខេត្តផ្សេងៗទៀតផង។
បើតាមរបាយការណ៍របស់ប្រធានអង្គភាពកំចាត់មីន ម៉ាពូ ( Mapou) ខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនមានចំការមីនសរុប ១១៩២ ស្មើផ្ទៃដី ៧៩៣៤ហិកតា ហើយបានបោសសម្អាតរួចចំនួន ៧៧៨ចំការ រំដោះផ្ទៃដីបានចំនួន ៥១៤៦ហិកតា ដោយរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដូចជា៖ គ្រាប់មិនទាន់ផ្ទុះចំនួន ៣៤៣៨៤គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១០៧គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៣៤៦៧៩គ្រាប់ ហើយចាប់តាំងពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០២០ មានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួន ៦៧១នាក់ ស្រី ៧៧នាក់។
ដើម្បីជម្រុញសកម្មភាពបោសសម្អាត់មីននៅខេត្តបៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន បានប្រជុំពិភាក្សា ជាមួយបណ្តាអង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនដូចជា៖ ក្រុមការងារផែនការសកម្ម ភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការហាឡូត្រាស្ត (HALO Trust) ដើម្បីអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុងផែនការបោសសំអាតមីននៅឆ្នាំ២០២១ និងការអនុវត្តថវិកាជាដើម។
លោកជំទាវ បាន ស្រីមុំ បានជម្រុញដល់អង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនទាំងអស់ និងសំណូមពរដល់ម្ចាស់ជំនួយបន្តគាំទ្រ ដើម្បីធ្វើការបោសសម្អាត គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តប៉ៃលិន ឱ្យសម្រេចបានទៅតាមផែនការនៅឆ្នាំ២០២៥។
លោកជំទាវបានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ដើម្បីសំរេចឱ្យបានតាមផែនការកំណត់ ដូច្នេះយើងត្រូវជំរុញសកម្មភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីបានដឹងពីការលំបាក និងភាពងាយស្រួលក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយឱ្យបានខ្លាំងក្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ៕
រក្សាសិទ្ធិដោយ៖CEN







