Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart រៃអង្គាសប្រាក់​ជួយ​ដល់​អ្នករត់​ស៊ីក្លូ

​ភ្នំពេញ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១៖ ការ​រៃអង្គាសប្រាក់​ជួយ​ដល់​អ្នករត់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​អំពើ​ល្អ​មួយ​ដែល​ជួយ​ឱ្យ​លោក តាំង ហួង​ហាវ ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

​ឥឡូវនេះ លោក ហួង​ហាវ បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ហើយ​បើ​លោក​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នកទទួល​ជ័យលាភី លោក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។

​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ធុរកិច្ច​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក លោក ហួង​ហាវ កាលពី​ចុងឆ្នាំ​២០២០ បាន​ផ្តួច​ផ្តើមគំនិត​មួយ​ដើម្បី​រៃអង្គាសប្រាក់​ជួយ​ដល់​អ្នករត់​ស៊ីក្លូ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​អ្នករត់​ស៊ីក្លូ​ម្នាក់​ឈ្មោះ សិន សុខុម ហៅ តា​សាន នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​គាត់​តែងតែ​សម្រាក និង​បរិភោគ​អាហារ​នៅតាម​មុខផ្ទះ​គេ និង​តាម​ច​ញ្ចើ​ម​ផ្លូវ​ដូច​អ្នករត់​ស៊ីក្លូ​ផ្សេងទៀត​ដែរ​។​

​លោក​ថ្លែងថា​៖ “​នៅពេល​ខ្ញុំ​បាន​ជួប តា​សាន នៅ​ផ្សារកណ្តាល យើង​បាន​ជិះ​ជុំវិញ​ផ្សារ​។ គាត់​បានចង្អុលបង្ហាញ​ខ្ញុំ​នូវ​កន្លែង​ដែល​គាត់​គេង​នៅខាងមុខ​ហាង​របស់គេ កន្លែង​គាត់​ញ៉ាំ​នៅ​ចិញ្ចើមផ្លូវ​ជាប់​របង​សាលា។ គាត់​បាន​ចង្អុល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ប្រាប់​ខ្ញុំ​”​។​

​លោក​បន្ថែមថា​៖ “​រឿងរ៉ាវ​របស់គាត់​បា​ន​ជំរុញ​ចិត្ត​ខ្ញុំ​ជាខ្លាំង​។ គាត់​ជួប​រឿងរ៉ាវ​ដ៏​គួរឱ្យ​អាណិត ខណៈដែល​ខ្ញុំ​មិន​ជួប​រឿងរ៉ាវ​បែបនេះ​ទេ​។ ខ្ញុំ​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម តែ​គាត់​អត់​មាន​។ ដូច្នេះ​ខ្ញុំ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ជា​ប្រយោជន៍​”​។​

ទុក្ខលំបាក​របស់​អ្នករត់​ស៊ីក្លូ​នេះហើយ​បាន​បណ្ដាល​ឲ្យ​លោក ហួង​ហាវ បង្កើត​គំនិត​ផ្តួចផ្តើម​មួយ​ឈ្មោះថា ណូអែល​សម្រាប់​ស៊ីក្លូ (Christmas for Cyclo) ដែល​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ដែលជា​ថ្ងៃបុណ្យ​ណូអែល​។​

ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​នៃ​យុទ្ធនាការ​នេះ លោក ហួង ហាវ រៃអង្គាសប្រាក់​បាន​ចំនួន ៥.២០០​ដុល្លារ​ពី​មិត្តភក្តិ និង​សប្បុរសជន​ផ្សេងៗ​ដែល​ស្គាល់​លោក​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្ក​ម និង​ពី​ការរៀបចំ​ដំណើរ​កម្សាន្ត​តាម​ស៊ីក្លូ​ចំនួន ២​លើក​ដែល​លោក​បានរៀបចំ ដើម្បី​ធ្វើជា​អំណោយ​ដល់​អ្នករត់​ស៊ីក្លូ​ចំនួន ២១០​នាក់ និង​សម្រាប់​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​។

​អ្នករត់​ស៊ីក្លូ​ម្នាក់ៗ​ទទួលបាន​ប្រាក់ ៥​ដុល្លារ អាកុល​លាង​សម្អាត​ដៃ ម៉ាស់ អាហារ នំប៉័ង អាហារសម្រន់ ភួយ និង​ក្រ​ម៉ា​ពី​យុទ្ធនាការ​នេះ​។​

លោក សិន សុខុម ហៅ តា សាន អាយុ ៦៧​ឆ្នាំ ដែល​ប្រកបមុខរបរ​ជា​អ្នករត់​ស៊ីក្លូ​ចាប់តាំងពី​ឆ្នាំ​១៩៨៧ មក​នោះ បាន​សម្តែង​ក្តី​រីករាយ​នៅពេលដែល​ទទួលបាន​អំណោយ​ពី​គំនិត​ផ្តួចផ្តើម Christmas for Cyclo។​

លោក​បាន​ថ្លែងថា​៖ “​អារម្មណ៍​ខ្ញុំ​នៅ​ថ្ងៃបុណ្យ​ណូអែល​ហ្នឹង​គឺថា​មាន​យុវជន គាត់​ជួយ ដូចជា មី អង្ករ សំលៀកបំពាក់ ក្រ​ម៉ា បាន​ច្រើន​ដែរ បាន​ចង់​ជាង​កន្លះ​ស៊ីក្លូ​អី​ដែរ​។ ខ្ញុំ​រីករាយ​ណាស់ ដែលមាន​ការចូលរួម​ពី​យុវជន ទាំង​កម្មករ​ស៊ីក្លូរ ពួកគាត់​សប្បាយរីករាយ​ណាស់ មាន​ស្វាគមន៍​គ្នា​ទៅវិញទៅមក ដូចជា​មាន​ភាព​ស្រលាញ់គ្នា​ណាស់​”​។​

​អ្នករត់​ស៊ីក្លូ​ម្នាក់ទៀត​ឈ្មោះ អ៊ី​ត វី អាយុ ៦៣​ឆ្នាំ ដែល​ប្រកបរ​បរជា​អ្នករត់​ស៊ីក្លូ​នេះ​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ​ដែរនោះ ក៏បាន​សម្តែង​ក្តី​រីករាយ​ផងដែរ​ក្នុងការ​ទទួលបាន​ជំនួយ​ពី​យុទ្ធនាការ​ណូអែល​សម្រាប់​ស៊ីក្លូ​នេះ​។​

ទោះជា​យ៉ាងណា យុទ្ធនាការ​នេះ​មិនអាច​ធ្វើឱ្យ​ជីវភាព​របស់​អ្នករត់​ស៊ីក្លូ​មាន​និរន្តរភាព​ឡើយ ជាពិសេស​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នេះ ដែល​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​អ្នករត់​ស៊ីក្លូ​ធ្លាក់ចុះ​ខ្លាំង​។​

​តា​សាន បាន​រៀបរាប់ថា ប្រាក់ចំណូល​របស់លោក​បាន​ធ្លាក់ចុះ​ខ្លាំង ដោយ​បច្ចុប្បន្ន​លោក​អាច​សល់​ប្រាក់​បានតែ ៧.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​បន្ទាប់ពី​ចំណាយ​ប្រចាំថ្ងៃ​រួច ខណៈដែល​កាលពីមុន​លោក​អាច​រកប្រាក់​ចំណូល​បាន​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​ការដឹក​ជនបរទេស​។​

​ដើម្បី​រក្សា​និរន្តរភាព​ជីវភាព​របស់​អ្នករត់​ស៊ីក្លូ លោក ហួង​ហាវ បាន​បង្កើត​គំនិត​មួយទៀត​គឺ​លោក​បាន​ស្នើសុំ​ទៅកាន់​ក្រុមហ៊ុន Grab ដើម្បី​ដាក់បញ្ចូល​ស៊ីក្លូ​ទៅក្នុង App របស់​ក្រុមហ៊ុន​ផ្តល់​សេវា​កក់​ការធ្វើដំណើរ​មួយ​នេះ​។​

លោក​ថ្លែងថា​៖ “​បើ​យើង​ជួយ​ជា​លុយ យើង​ជួយ​បានតែ​ម្តង​ហើយក៏​ចប់​។ ដូច្នេះ​ខ្ញុំ​រក​វិធី​អ្វីដែល​ជួយ​ឱ្យមាន​និរន្តរភាព​ជាង​។ ដល់ពេល​អ្នកជិះ​ចុច​នៅលើ Grab គេ​អាច​រកស៊ី​ក្លូ​ជិះ​បាន​”​។​

​លោក​ថ្លែងថា មកដល់ពេលនេះ សំណើ​នេះ​ស្ថិតក្នុង​ដំណាក់កាល​បឋម​នៅឡើយ តែ​អ្វីដែល​ក្រុមហ៊ុន Grab អាចជួយ​បាន​ភ្លាមៗ​គឺ​ការជួយ​ផ្សព្វផ្សយ​អំពី​ស៊ីក្លូ​នៅក្នុង App របស់​ក្រុមហ៊ុន​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។​

​ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។​

​ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក តាំង ហួង​ហាវ សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/4gg1VKv11e/
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

អំពី​ក្រុមហ៊ុន Smart

​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩% (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​

-ចប់-

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អុីមែ​៉​ល​៖​ ​koam.tivea@smart.com.kh

×