ភ្នំពេញៈ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី លូអ៊ីស មូស៊ីគីវ៉ាបូ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមកការដឹកនាំរបស់សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំពោះការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។ ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
តាមសំណើរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយលោកស្រី លូអ៊ីស មូស៊ីគីវ៉ាបូអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អំពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយសមធម៌ និងជាសកល ។
ក្នុងជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនលោកស្រី MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការ Covax និងអំណោយពី រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។
វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។
អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។
លោកជំទាវបានរំឭកពីសេចក្តីសម្រេចដែលសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានអនុម័តជាឯកច្ឆន្ទកាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវ សាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “គ្មានប្រទេសណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ”។
អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកស្រី ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូន មកពីសហភាព អឺរ៉ុប នៅប្រទេសកម្ពុជា នៅមុនដំណាច់ ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការCOVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ និងបានប្រកាសថា “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”។
លោកស្រីអគ្គលេខាធិការ បានសម្តែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕រក្សាសិទ្ធិដោយ៖ចេស្តារ