សៀមរាប ៖ សាលាគណខេត្តសៀមរាប បានចេញព្រះលិខិតមួយសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តាជ្រាប សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។
តបតាមកម្មវត្ថុខាងលើ ទូលព្រះបង្គំ សូមទូលសម្ដេចទ្រង់ព្រះមេត្តាជ្រាបថា៖នៅយប់ថ្ងៃសៅរ៍១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅវត្តរាជបូណ៌ មានករណីថតជាវីដេអូ នូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បានធ្វើឱ្យព័ត៌មាននេះដឹងដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យរបសព្រះពុទ្ធជាម្ចាស់ អាជ្ញាធរខេត្ត ដឹកនាំ ដោយ លោកជំទាវអភិបាលរងខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ត្រី នគរបាលយុត្តិធម៌របស់ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវសាកសួរនូវហេតុការណ៍ផ្សេងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់តែជាការ ប្រៀនប្រដៅទៅតាមបទបញ្ញត្តិ នៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ ។
ចំណែកខាងសាលាគណខេត្តបាននិមន្ត បើកកិច្ចប្រជុំថេរសភាសង្ឃខេត្ត ហើយសម្រេចលើកទោសតាមវិន័យត្រូវអាបត្តិ (បាចិត្តិយ) ចំពោះព្រះមហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងបានសម្រេចសូមឱ្យព្រះគ្រូចៅអធិការវត្ត ធ្វើកិច្ចសន្យា បញ្ចប់រឿង ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុត គឺបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Lve តាមផេករបស់ខ្លួន បានលើកឡើងថាប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តងចំពោះអ្នកប្រព្រឹត្ត និងចោទបន្ថែមនូវពាក្យមិនពិតដោយពោលថាលោកជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លៃថ្នូរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ មានការជេរប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកផ្តៅវាយក្បាលម្នាក់បីផ្ដៅទៀតផង ។ មើលឃើញទង្វើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ បែបនេះ ទូលព្រះបង្គំយើងខ្ញុំជាព្រះមេគណតំណាងឲ្យព្រះសង្ឃទូទាំងខេត្តសៀមរាប សូមព្រះរាជានុញ្ញាត ទ្រង់ព្រះមេត្តាប្រោសជួយស្នើសុំទៅរាជរដ្ឋាភិបាលឱ្យលោកមានចំណាត់ការថ្កោលទោស ចំពោះបុគ្គលឈ្មោះផែង វណ្ណៈ តាមច្បាប់ឱ្យសមនឹងទង្វើដែលជននេះ បានប្រព្រឹត្ត ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


