ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគិរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឦសានមួយនេះ។ នេះបើតាមការផ្សាយរបស់ព័ត៌មានលើផេកហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុននៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃចន្ទ ទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ដោយមានការណែនាំពីខ្ញុំផ្ទាល់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ទៅចែកជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារ ដើម្បីធ្វើការដាំដុះសាកល្បង បន្ទាប់ការដាំដុះដំឡូងបារាំង និងដំណាំមួយចំនួនទៀតទទួលបានជោគជ័យកន្លងមក ។ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលពីប្រទេសជិតខាង នាពេលអនាគត ។
អស់រយៈបីខែកន្លងផុតទៅ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ លោកប្រធាន រួមដំណើរជាមួយសហការី បានចូលរួមប្រមូលផលដំណាំខ្ទឹមស របស់កសិករ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលបានដាំដុះក្នុងរយៈពេលបីខែកន្លងទៅ ទទួលបានជោគជ័យល្អប្រសើរ មានទិន្នផលខ្ពស់ ហើយឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងប្រកបដោយគុណភាព សុវត្តិភាពដល់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនេះក៏ទទួលបានតម្លៃល្អប្រសើផងដែរ បើប្រៀបធៀបទៅនឹងមុខដំណាំផ្សេងទៀត ។
តាមរយៈលទ្ធផលដែលទទួលបាននៅឆ្នាំនេះ កសិករដែលប្រកបរបរដាំដុះដំណាំកសិកម្ម នៅក្នុងខេត្តមណ្ឌលគីរី មានផែនការក្នុងការពង្រីកផ្ទៃដីបន្ថែមទៀតលើការដាំដុះដំណាំខ្ទឹមស ដែលជាដំណាំមានសក្កានុពល និងជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្ត មួយនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









