ភ្នំពេញ ៖ បុរសម្នាក់រងរបួសស្រាល ខណៈបើករថយន្តទៅបុករថយន្តស្ទូចពីក្រោយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ក្រុងព្រះសីហនុ 3A 3276 បើកបរចេញពីក្នុងមជ្ឈមណ្ឌលឧត្តម ក្នុងទិសដៅពីត្បូងទៅជើងបត់ឆ្លងផ្លូវ៣៧១ ស្របពេលនោះស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងទៀត ប្រភេទដឹកទំនិញពណ៌សបើកបរក្នុងទិសដៅពីកើតទៅលិច បានជ្រុលចង្កូតទៅបុកពីក្រោយគូថរថយន្តស្ទូចចំពីខាងក្រោយ ផ្នែកខាងឆ្វេងបណ្តាលឲ្យអ្នកបើកបររថយន្តដឹកទំនិញខាងលើ កៀបជើងជាប់និងកាប៊ីនរងរបួសស្រាល ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទីនោះ ជួយទាញនិងគាស់ដើម្បីយកអ្នកបើកបរចេញមកខាងក្រៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់ពីវាស់វែងរួចរាល់សមត្ថកិច្ចបានស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម




