ថ្មីៗនេះ គ្រូបង្រៀនគីមីវិទ្យាម្នាក់ នៅវិទ្យាល័យអង្គតាសោម (ខេត្តកែវ) បានត្រូវថ្មោងមិនស្ទើរនោះទេ ពីលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រោះបានប្រព្រឹត្តកំហុសឆ្គងនៅតែទៅបង្រៀនសិស្ស មិនធ្វើចត្តាឡីស័ក ក្រោយបានទៅចូលរួមពិធីមួយមានមនុស្សច្រើន ដែលក្នុងនោះមានអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម។
ក្នុងនោះ តាមលិខិតស្តីបន្ទោស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា លោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តកំហុសឆ្គងដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ-១៩ ម្នាក់បានចូលរួម និងក្រោយមក ក៏បានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់។
ចំពោះការស្តីបន្ទោស គឺត្រង់ថា លោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តកំហុងឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ- ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ ការចម្លងបន្តទៅក្នុងសាលារៀន។
ឯកឧត្តម ហង់ ជូនណារ៉ុន ក៏បានបញ្ជាក់ទៀតថា លិខិតស្តីបន្ទោសនេះ គឺអស់ប្រសិទ្ធភាពក្រោយរយៈពេល ២ ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះសមីខ្លួនបាន ប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម។ ការស្តីបន្ទោសនេះ ត្រូវកត់ត្រាទុកក្នុងសំណុំលិខិតរបស់សាមីខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

