ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ពេលកំពុងតែបើកសុខៗស្រាប់តែបាក់ប៉ុងដាច់កង់រមៀល ចេញបណ្តាលឱ្យក្រឡាប់ចាក់ឥដ្ឋចោលពេញផ្លូវ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ៣C-៥០៤៣ បើកបរ ដោយបុរសម្នាក់មិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណរួមដំណើរជាមួយភរិយា។
តាមប្រភពព័ត៌មានបានពីបុរសម្នាក់ ដែលជាតៃកុងរថយន្តមួយគ្រឿងទៀត ដែលបានបើកថយន្តមកសាងឥដ្ឋពីរថយន្តដែលក្រឡាប់នោះ ឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានដឹកឥដ្ឋពីព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្តាលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណង់ដឹកឥដ្ឋ យកទៅដាក់ឲ្យម៉ូយនៅស្រុកឈូកខេត្តកំពត។ លុះពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្តបានបាក់ប៉ុងដាច់កង់ខាងស្តាំរមៀលកង់ចេញហើយ បណ្តាលឱ្យរថយន្តអូស ហើយក្រឡាប់ទៅខាងស្តាំដៃ ចាក់ឥដ្ឋពេញផ្លូវតែម្តង ។
នៅក្នុងគ្រោះថ្នាក់នេះ គេឃើញអ្នកបើកបរ រួមទាំងភរិយា បានលូនចេញពីក្នុងកាប៊ីនរថយន្ត ដោយពុំមានរងរបួសឡើយ ។ដោយសារតែគ្រោះថ្នាក់នេះ ពុំបណ្តាលឲ្យមនុសុ្សរងរបួស ។ អ្នកបើកបរ ក៏បានហៅរថយន្តមួយគ្រឿងមកសាងឥដ្ឋ ហើយហៅរថយន្ត មកស្ទួចយករថយន្តនោះយកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖សារឿន







