ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨មីនានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងខណ្ឌចំកាមន ដែលកំពុងតែដំណើរការជួស ជុលកែលម្អរដែលរហូតមកដល់ពេលនេះ បានប្រមាណ៩៥ភាគរយ ហើយនឹងគ្រោងឲ្យជិតរួចរាល់នៅចុងខែមីនានេះ។
ក្នុងឱកាសចុះពិនិត្យនោះលោកឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីជូសជុលនិង ថែទាំស្តូបព្រះបរមរតនកោដ្ឋនេះ ឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិវេណនោះផងដែរ។
លោកអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញ បានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្ធ ពិធីថ្វាយកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋជារៀងរាល់ឆ្នាំ។ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមានការជួសជុលកែលម្អរ ជាដំណាក់កាល គឺមានជួសជុលដំបូលពិតាន, លាបក្បាច់ពណ៌ទឹកមាសផ្នែកខាងលើបរមរូប, ជួសជុលជើងទម្រថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ, រៀបចំប្រព័ន្ធបាញ់ទឹកជាថ្មីឡើងវិញ រួមទាំងការកាប់ដើមក្ងោកចាស់ៗ ដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។
សូមបញ្ជាក់ថា ទីតាំងស្តូបព្របរមរតនកោដ្ឋ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់បំព្រង ប្រកបដោយខ្យល់អាកាសបរិសុទ្ធ នឹងពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលំហែរកម្សាន្ត និងជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណ ដើម្បីសុខភាពផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










