ភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបង បើកដំណើរការច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ (ខេត្តបាត់ដំបង) បានសួនសុំ (ខេត្តច័ន្ទបុរី) ច្រកទ្វារតំបន់ព្រំដែនអូររំដួលខេត្តបាត់ដំបង) បានសាប់តារី (ខេត្តច័ន្ទបុរី) និងច្រកទ្វារតំបន់ព្រំដែន៤០០ (ខេត្តបាត់ដំបង) បានម៉ាមួង(ខេត្តត្រាត) ជាបណ្តោះអាសន្នសម្រាប់ឱ្យតែរថយន្តដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែន ដោយក្នុងនោះរថយន្ត ១គ្រឿង អនុញ្ញាតឱ្យមានមនុស្សចំនួន២នាក់ ដែលត្រូវធ្វើការវាស់កំដៅត្រួតពិនិត្យសុខភាព និងមិនអនុញ្ញាតឱ្យចាកចេញពីរថយន្តរបស់ខ្លួនឡើយ។
ចំពោះទីតាំងដែលត្រូវធ្វើការដោះដូរ និងលើកដាក់ទំនិញត្រូវធ្វើនៅក្នុងបរិវេណច្រកទ្វារព្រំដែនតែប៉ុណ្ណោះ។
នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដែលសារព័ត៌មាន CEN ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានបន្តថា រដ្ឋបាលខេត្តបាត់ដំបងត្រូវធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារតំបន់ ព្រំដែន ដែលបានអនុញ្ញាតឱ្យបើកដំណើរការក្នុងគោលដៅនៃការផ្លាស់ប្តូរទំនិញ និងច្រកព្រំដែនផ្សេងៗទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យពង្រឹង និងបង្កើនការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពបំផុតតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





