ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងព្រូម្នាក់ទៀត បានបើករថយន្តកុងតឺន័រក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកពីក្រោយរថយន្តMAZDA ពេញទំហឹងបណ្ដាលឲ្យប៉ើងទៅចិញ្ចើមផ្លូវ រងការខូចខាតផ្នែកពីក្រោយរថយន្ត MAZDAស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ទី ១៨ ខែមីនា ឆ្នាំ២០២១
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចមុខផ្សារជម្ពូវន្ត ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ និងរួមដំណើរជាមួយនិងស្ត្រី២នាក់ទៀត បានបើករថយន្ត MAZDAមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2-AN 0439 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3-C 2451 បើកបដោយបុរសម្នាក់ និងរួមដំណើរជាមួយព្រូម្នាក់ទៀតធ្វើដំណើរ ពីក្រោយស្របគ្នាក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មិនប្រយ័ត្នមកបុកពីក្រោយរថយន្តMAZDA ពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវ របណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងក្រោយទាំងស្រុង ។
ចំណែករថយន្តបង្កបន្តបើករត់គេចដល់ផ្លូវជាតិលេខ ៣ ចំណុចជិតបន្ទាយ ង៧០, ត្រូវសមត្ថកិច្ចឃាត់បានតែរថយន្ត រីឯនាក់បង្ករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទួចយករថយន្តទាំងពីរទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត








