Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ បើករថយន្ត​ទៅបុក​រុឺ​ម៉ក​ចត​នៅតាម​ចិញ្ចើមផ្លូវ​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​ បណ្តាល​ឲ្យ​រុឺ​ម៉ក​បន្ត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​

​ភ្នំពេញ ÷ មន្ត្រី​យោធា​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូតទៅបុក​ពីក្រោយ​រុឺ​ម៉ក​ដឹក​អេតចាយ​ពេញទំហឹង​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​រុឺ​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រងការខូចខាត​សម្ភារ​មួយចំនួន សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ០០​និង ១៥ នាទី​យប់​ឈានចូល​ថ្ងៃ​សុក្រ​ទី​១៩ ខែមីនា ​ឆ្នាំ២០២១ ចំណុច​ជាប់​ផ្លូវ​រថភ្លើង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្តោង​រុឺ​ម៉ក​មួយគ្រឿង​ដឹក​អេតចាយ​មិនមាន​ផ្លាកលេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ​រួចក៏បាន​ឈប់​រុឺ​ម៉ក​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ឈប់​ចូលទៅ​ទិញ​ស្វាយ​ហូប ស្រាប់តែ​ភ្លាមៗ​នោះដែរ​គាត់​ឃើញ​រថយន្ត​ឡង់​គ្រីស័​រ មួយគ្រឿង​ទៀត​ពណ៌​សំបក​ឪឡឹក​ពាក់​ផ្លាកលេខ ព្រះសីហនុ​2-A 3099 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រុឺ​ម៉ក​ពេញទំហឹង​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​រុឺ​ម៉ក​ដឹក​អេតចាយ​បន្តទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ទូកញ្ចក់​និង​សម្ភារ​មួយចំនួនទៀត ។

សំណាងល្អ​ម្ចាស់​រុឺ​ម៉ក​និង​ម្ចាស់ផ្ទះ​មិនមាន​រងរបួស​នោះទេ​រង​ការខូចខាត​សម្ភារ​មួយចំនួន​និង​រថយន្ត​បង្ក​តែប៉ុណ្ណោះ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះទៅ​ដល់​រួច​ឲ្យ​ភាគី​ទាំងសងខាង​និយាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ចង់​វែងឆ្ងាយ​ក៏​សង​ជា​សំណង​ទាំង​រុឺ​ម៉ក និង​ខាង​ម្ចាស់ផ្ទះ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ៕
រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×