រំឭកអតីតកាលដ៏ស្រស់បំព្រងមួយមានអត្ថន័យជ្រាលជ្រៅលើផ្នែកម្ហូបអាហារនៅទីក្រុងសៀងហៃ ប្រទេសចិន ទាក់ទិននឹងសម្ដេចព្រះមហាវីរក្សត្រ ព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រីយ៍ សម្ដេចម៉ែ នរោត្តម មុនិនាថ សីហនុ គឺព្រះស្ងោយចំនួន១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយ នាពេលថ្ងៃត្រង់ នៅភោជនីយដ្ឋានដ៏ល្បីល្បាញ គឺភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លី ព័រឡាង (Lu Po Liang) ដែលប្រតិស្ឋាន នៅឧទ្យានយូ ស្រស់បំព្រងអស្ចារ្យក្រៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៣។
ភោជនីយដ្ឋាន លី ព័រឡាង ជាទីតាំងបង្កប់នូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅសម្រាប់ សម្ដេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ហើយក្រោយសម្ដេចទាំងទ្វេ សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាថ្ងៃត្រង់ ទាំង១៤មុខ នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិមួយនេះ ស្រាប់តែ ៤៨ឆ្នាំក្រោយមក ព្រះក្រយាទាំង ១៤មុខនេះ បានក្លាយជាអាហារល្បីល្បាញប្រចាំហាង។
នេះជាការរឭកនឹកឃើញ នូវអនុស្សាវរីយ៍ច្រៀងជ្រៅមួយ ខណ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសោយព្រះក្រយាថ្ងៃត្រង់នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លី ព័រឡាង (Lu Po Liang) ហើយក៏ត្រូវបានឥស្សរជននៃប្រទេសចិនតំណាលប្រាប់ អំពីអ្វីដែលបានបន្សល់ទុក ពី សម្ដេចព្រះឧត្តម សីហនុ នោះគឺព្រះស្ងោយទាំង ១៤មុខ បានឆ្លើយជាម្ហូបល្បីប្រចាំហាង លី ព័រឡាង។
តំណាលនោះ គឺក្រុមមន្ត្រីឥស្សរជនចិនបានលើកបង្ហាញថា នៅវេលាយប់ នៃថ្ងៃទស្សនកិច្ច ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពេលសោយព្រះក្រយាទាំង ១៤មុខហើយ ព្រះអង្គមានព្រះរាជឱង្ការថា «ខ្ញុំសង្ឃឹមថា នៅថ្ងៃស្អែក មុនម៉ោង ១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ ជាបន្តទៀត»។
ព្រះរាជឱង្ការរបស់ព្រះអង្គ បានធ្វើឲ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ព្រោះបានយល់យ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ៕
រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN













