ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែមីនា នេះ តាមរយៈសារសំឡេង សម្ដេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ មានរយៈពេលមួយខែហើយ ក៏ប៉ុន្តែសភាពការណ៍មិនទាន់ធូរស្រាលនៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មនុស្សចាស់ ជាអ្នកមានហានិភ័យខ្ពស់ ដូច្នេះ ខ្ញុំសូមស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តម ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ។ ហើយមណ្ឌលចាក់វ៉ាក់សាំងទាំងនោះ គឺធ្វើនៅតាមខណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនដែលត្រូវទទួលការចាក់វ៉ាក់សាំង។
សម្ដេចតេជោ បានបន្ថែមថា យើងត្រូវតែចាក់វ៉ាក់សាំងឲ្យមានរបៀបរៀបរយ ហើយស្របទៅតាមការកំណត់គោលនយោបាយការចាក់វ៉ាក់សាំង ដោយអាជ្ញាធរត្រូវអញ្ជើញពលរដ្ឋរបស់ខ្មួន ដោយគ្មានការរើសអើងនិន្នាការនយោបាយ។ តាមរយៈនេះ សម្ដេច បានណែនាំឲ្យគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ដែលកំពុងតែចាក់វ៉ាក់សាំង គឺមិនចាក់វ៉ាក់សាំងអាស្តាសេនីកា ដល់អ្នកដែលមានអាយុមិនដល់៦០ឆ្នាំនោះទេ ជៀសវាងខុសគោលនយោបាយនៃការបែងចែកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។ សម្រាប់វ៉ាក់សាំងស៊ីណូហ្វាម ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ ៥៩ឆ្នាំចុះក្រោម រីឯ អាស្តាសេនីកា ចាក់សម្រាប់មនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើង។
ដោយឡែកសម្រាប់អ្នកទទួលការចាក់វ៉ាក់សាំងវិញ ក៏ត្រូវតែមានការអញ្ជើញពីអាជ្ញាធរ ដើម្បីជៀសវាងការមកអង្គុយរង់ចាំ អត់បាយ អត់ទឹក នៅតាមទីកន្លែង ទទួលចាក់វ៉ាក់សាំងដូចជាពេលកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលខាងមុខនេះ ប្រសិនបើគ្មានអ្វីផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី ២៦ខែមីនា នេះបើតាមការជូនដំណឹងពីភាគីមិត្តចិន ដែលកម្ពុជាបានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ពីប្រទេសចិនចំនួន ១លាន ៥សែនដូស។ សម្ដេចបានបន្តថា ក្រៅពីនោះ យើងនៅសល់ជំនួយពីមិត្តចិន ដោយស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងទទួលបានមុនចូលឆ្នាំខ្មែរ។
គួរបញ្ជាក់ថា ផែនការរបស់រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងជូនប្រជាពរដ្ឋ រង្វង់ពី ១០លានទៅ ១៣លាននាក់ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងស៊ីណូហ្វាម និងអាស្តាសេនីកា គឺមិនទាន់មានការគំរាមកំហែង ប៉ះពាល់ពីឥទ្ធិពលនៃវ៉ាក់សាំងដល់ប្រជាពលរដ្ឋយើងណាម្នាក់នោះនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖CEN