ភ្នំពេញ ៖ កំពង់ផែស្វយ័តភ្នំពេញ ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងបានឡើងផ្សារហ៊ុនកម្ពុជា កាលពីចុងឆ្នាំ ២០១៥ ជាមួយការលក់ភាគហ៊ុនប្រមាណជាង ៤លានហ៊ុន។ តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១នេះ មានតម្លៃ ១ម៉ឺន ២៤៦០រៀល ក្នុងមួយភាគហ៊ុន។
ជាមួយគ្នានេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២១នេះ ពោលគឺខែមករា និងខែកុម្ភៈ ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ បានធ្លាក់ចុះប្រមាណជាង ៦% ដោយទទួលបានប្រមាណ ៤,៩៧៧,៤៨១ ដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលទទួលបាន ៥,៣០៨,២៨៤ដុល្លារ។
បើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ការធ្លាក់ចុះនៃប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេលពីរខែ ឆ្នាំនេះ ដោយ សារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យមានការធ្លាក់ចុះប្រភពចំណូលសំខាន់ៗនៃសហគ្រាសរដ្ឋមួយនេះ។
ក្នុងនោះប្រភពចំណូលបានពីការប្រតិបត្តិការផែ បានធ្លាក់ចុះចំនួន ១១ភាគរយ នៅក្នុងខែមករា និងបានកើនឡើងវិញចំនួន ១៣ភាគរយ នៅក្នុងខែកុម្ភៈ។ ចំណែកចំណូលពីអាជ្ញាធរខែ បានធ្លាក់ចុះ ៣៦ភាគរយ នៅខែមករា និងខែកុម្ភៈ បានធ្លាក់ចុះ ២៣ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា ការដឹកជញ្ជូនទំនិញ ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២១ មានប្រមាណជាង ៥ម៉ឺន ២ពាន់ ធីអ៊ីយូ ដោយបានកើនឡើង ៥,៦២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង ៤ម៉ឺន ៩ពាន់ធីអ៊ីយូ។
គួរបញ្ជាក់ថា ទំនិញដឹកឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ភាគច្រើន ជាផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្មជាដើម៕
រក្សាសិទ្ធិដោយ៖CEN
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-19_09-24-51-1024x768.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-19_09-24-52.jpg)
![](https://cen-news.com/wp-content/uploads/2021/03/photo_2021-03-19_09-24-53.jpg)