ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ បានស្នើឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បិទអាជីវកម្មក្លិបហាត់ប្រាណ Fit Zone ក្រោយកើតមានករណីឆ្លងកូវីដ-១៩ នៅក្នុងក្លិបហាត់ប្រាណមួយនេះ។
ការស្នើរបស់លោក ស សុខា ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ បានឯកភាពគ្នាក្នុងការបិទអាជីវកម្មក្លិបមួយនេះ ដែលពុំបានគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ។
យោងតាមលិខិតរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា ក្លិប Fit Zone មិនបានគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពីការចាត់វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។ ជាក់ស្តែងក្លិបនេះ បានបន្តអាជីវកម្មផ្ទុយពីការណែនាំរបស់ក្រសួងជំនាញ ដែលអាចបង្កឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងទៅក្នុងសហគមន៍ និងអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



