សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ បានមានប្រសាសន៍ផ្ញើរសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
តាមរយៈសារជាសំឡេង សម្តេចបានលើកឡើងថា៖ «ព្រឹត្តិការណ៍ ២០ កុម្ភៈ គិតមកទល់ពេលនេះ មានរយៈពេល១ខែហើយ គឺមិនទាន់ស្រាកស្រាន្តនៅឡើយទេ ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុ បានល្អប្រសើរ ប៉ុន្តែ សម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្តាល ក៏កំពុងញំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង កំពុងស្ថិតក្នុងស្ថានភាពនៃការទប់ទល់»។
សម្តេចក៏បានបញ្ជាក់ឲ្យដឹងថា «រយៈពេល១ខែកន្លងមកនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង១ពាន់នាក់ ដែលច្រើនជាង២ដង ចំនួនអ្នកឆ្លងជាង១ឆ្នាំ នៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ ជំងឺរាតត្បាតនេះបាននិងកំពុងតែគម្រាមកំហែងដល់ទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្តាល ដែលទាមទារឲ្យយើងមានការយកចិត្តទុកបន្តទៀត ទៅលើការប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈវិធានការដែលបានដាក់ចេញរួចមកហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង