ភ្នំពេញ ៖ បុរសម្នាក់ ពេលដែលកំពុងតែចុះពីបន្ទប់ជួល ទៅរកទិញបបរហូប ស្រាប់តែវិលមុខដួលស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ៤០ នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សាន់ ណូក អាយុ៥២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានចុះពីបន្ទប់ជួលទៅរកទិញបបរ ដើម្បីហូប ប៉ុន្តែស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែមានអាការៈវិលមុខដួលភ្លាមនោះ ក៏មានប្រជាពលរដ្ឋព្យាយាមជួយដែរ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នឹងទាក់ទងទៅបងប្អូនសាច់ញាតិ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបងប្អូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅវត្តឬស្សីសាញ់ តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម


