ភ្នំពេញ ៖ នាយដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការឡោមព័ទ្ធខុនដូមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១។
ប្រត្តិការណ៍នេះបានបញ្ចប់ទៅវិញ នៅវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃដដែល ជាលទ្ធផលកម្លាំងមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួន បានបុរសជនជាតិចិនចំនួន៤នាក់ និងរំដោះជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នាបានចំនួន៣នាក់ ប្រុស២នាក់និងស្រីម្នាក់។
បើតាមការបញ្ជាក់ពីលោកស្នងការរងម្នាក់ សូមមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានCEN ឲ្យដឹងថា ករណីចាប់ខ្លួនជនជាតិចិនទាំង៤នាក់ខាងលើនេះ គឺពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ប្រាក់ពីជនជាតិចិនដូចគ្នា។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងអនុវត្តន៍តាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម





