Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ព្រមាន​ប្រាប់​ឲ្យ​ម្ចាស់​ហាង​ម៉ាស្សា Ganesh House បញ្ឈប់​សេវាកម្ម​ជាបន្ទាន់ ព្រោះ​បុគ្គលិក​របស់ខ្លួន​ឆ្លង​កូ​វីដ​១៩

​ភ្នំពេញ ៖ ហាង​ម៉ាស្សា Ganesh House នៅតែ​បន្ត​ផ្តល់​សេវាកម្ម​ដល់​អតិថិជន ទោះបីជា​រកឃើញថា បុគ្គលិក​របស់ខ្លួន​មួយចំនួន បាន​ឆ្លង​កូ​វីដ​១៩​ក៏ដោយ ហេតុនេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​បញ្ឈប់​សកម្មភាព​ខាងលើ​ជាបន្ទាន់​។ នេះ​បើតាម​លិខិត​របស់លោក ឃួ​ង ស្រេង នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ផ្ញើ​ទៅ​លោក នួន វី ម្ចាស់​អាជីវកម្ម​ម៉ាស្សា Ganesh House​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ហាង​ម៉ាស្សា Genesh House ដែលមាន​អាសយដ្ឋាន​ផ្ទះ ២២z ផ្លូវ​លេខ ៤២០ ភូមិ​៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្តល់​សេវាកម្ម​ម៉ាស្សា ក្រោមរូបភាព និង​មធ្យោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន និង​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តាម​ការស្រាវជ្រាវ​ក្នុង​រយៈពេល​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រកឃើញ​បុគ្គលិក​របស់​អាជីវកម្ម​ម៉ាស្សា Ganesh Hous ចំនួន​៧​នាក់ ក្នុងចំណោម​៩​នាក់ បាន​យក​សំណាក​ជាប់​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងនោះ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​ចុះ​បិទ​ទីតាំង​ខាងលើ​រួចរាល់​ហើយ ប៉ុន្តែ​នៅតែ​បង្កលក្ខណៈ​ដល់​បុគ្គលិក​របស់ខ្លួន ឱ្យ​បន្ត​អាជីវកម្ម​ម៉ាស្សា​ជូន​អតិថិជន តាមរយៈ​ការ​ណាត់ជួប​នៅតាម​ទីតាំង​ខាងក្រៅ​ផ្សេងទៀត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ដែល​នេះ​គឺជា​ទង្វើ​ផ្ទុយ​ពី​វិធាន​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​អាច​នាំទៅដល់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។​

​លិខិត​ដែល​ផ្ញើ​ទៅ​ម្ចាស់​អាជីវកម្ម​ម៉ាស្សា Ganesh House បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ និង​ក្រើនរំលឹក លោក​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​ការផ្តល់​សេវាកម្ម​ម៉ាស្សា ក្រោមរូបភាព និង​មធ្យោបាយ​ផ្សេងៗ ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន និង​វិធានការ​របស់​ក្រសួងសុខាភិបាល​។ ទន្ទឹមនឹងនេះ លោក​ត្រូវ​ផ្តល់​កិច្ចសហការ​ឱ្យបាន​ល្អជា​ប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​ប្រភព​ចម្លង និង​បណ្តាញ​ទំនាក់ទំនង​ដែលនាំឱ្យ​កើតមាន​ករណី​វិជ្ជមាន​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​»​។​

​បើតាម​អភិបាល​រាជធានី​ភ្នំពេញ​, ប្រសិនបើ​ម្ចាស់​ហាង​ខាងលើ នៅតែ​មិន​អនុវត្តតាម​ការណែនាំ​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ផងដែរ​។​

​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លង​កូ​វីដ​១៩ យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​គិត​ត្រឹម​ម៉ោង​៧​និង​០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១៥៨៧​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៩១៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៥៨​នាក់​។ រហូត​ដល់ពេល​នេះដែរ មាន​អ្នកជំងឺ ៣​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ពេល​កំពុង​សម្រាក​ព្យាបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×