ស្រះកែវ -បន្ទាយមានជ័យ : អាជ្ញាធរថៃនិងកម្ពុជាបានកំណត់យកថ្ងៃទី១មីនា ឆ្នាំ២០១៨ មកគឺជាកាលបរិច្ឆេទដែលឯកភាពលើខ្លឹមសារបើកច្រកព្រំដែនតំបន់៤៣ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ -ច្រកតំបន់ព្រំដែនណូនម៉ាក់មុន ភូមិ-ឃុំណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវជាផ្លូវការ។
ជាមួយនឹងរបៀបវារ:សំខាន់ចំនួន៣ ប្រធានប្រតិភូនិងសមាជិកនៃភាគីទាំង២ បានថ្លែងសារ ពិភាក្សា ឯកភាពនិងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១ រវាងខេត្តទាំង២ ស្តីអំពី ការរៀបចំបើកអោយដំណើរការបើកច្រកព្រំដែនតំបន់៤៣ស្ថិតនៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ -ច្រកតំបន់ព្រំដែនណូនម៉ាក់មុន ស្ថិតនៅភូមិ-ឃុំណូនម៉ាក់មុនស្រុកគោកស៊ូងខេត្តស្រះកែវជាផ្លូវការនោះ។
នេះបើយោងកិច្ចប្រជុំពង្រឹងភាពជិតស្និតទំនាក់ទំនងនៃគណ:កម្មាធិការព្រំដែនថ្នាក់មូលដ្ឋានរវាងខេត្តបន្ទាយមានជ័យដឹកនាំដោយលោកសួន បវរ អភិបាលខេត្តនិងសមភាគីខេត្តស្រះកែវដឹកនាំដោយលោក ផនផុច ផេនផាត អភិបាលខេត្តនិងមន្ត្រីរដ្ឋបាល មន្ត្រីមន្ទីរស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកន្លងមក នាសណ្ឋាគារឥណ្ឌូចិនស្រុកអារញ្ញាខេត្តស្រះកែវ ។ក្នុងនោះលោក សំ ផាន់ណារិទ្ធុ ប្រធានក្រុមហ៊ុនសំ ផាន់ណារឹទ្ធិឌឺវែលឡុបម៉ិន ដែលទទួលសិទ្ធិវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនតំបន់៤៣ នេះក៏បាមចូលរួមដែរ។
មន្ត្រីអ្នកនាំពាក្យសាលាឋខេត្តបន្ឋាយមានជ័យប្រាប់គេហទំព័រ CEN ថ្ងៃទី២មិនាថា ៖ ភាគីទាំង២ បានប្រជុំពិនិត្យ ពិភាក្សា និងឯកភាពលើបញ្ហាសំខាន់ៗដូចខាងក្រោម :ទី១ – ភាគទាំង២គាំទ្រការបើកអោយដំណើរការច្រកទ្វារព្រំដែនតំបន់៤៣-ណូនម៉ាក់មុនដូចទីតាំងខាងលើ។ទីតាំងបើកច្រកនេះជាការឯកភាពរវាងអភិបាលខេត្តទាំង២(ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ប៉ុន្តែពុំមែនជាការទទួលស្គាល់ព្រំដែនផ្លូវការរវាងប្រទេសទាំង២ឡើយ ។ការកំណត់ព្រំដែនជាសមត្ថកិច្ចរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំង២។
ភាគីទាំង២ យល់ព្រមរួមគ្នាយកថ្ងៃទី១មីនាឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបើកអោយដំណើរការច្រកព្រំដែន៤៣-ណូនម៉ាក់មុន ជាច្រកទ្វារតំបន់ពាណិជ្ជកម្មនិងអនុញ្ញាតិអោយពលរដ្ឋនៃប្រទេសទាំង២ ចេញចូល ជាបណ្តោះអាសន្ន។ ឯកភាពអោយកសាងប៉ុស្តិ៍ត្រួតពិនិត្យ អគារទីស្នាក់ការត្រួតពិនិត្យនិងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងតំបន់បរិវេណដែលត្រូវបើកច្រក។
ពេលកសាងហេរដ្ឋារចនាសម្ព័ន្ធនៃរដ្ឋបាលច្រករួចរាល់ ភាគីទាំង២ ឯកភាពប្រគល់ភារកិច្ចដល់ក្រុមការងារបច្ចេកទេស ពិភាក្សាគ្នាអំពីការរៀបចំពីធីសម្ពោធដាក់អោយដំណើរការច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុននៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ ។
ទី២ – ភាគីទាំង២ ឯកភាពលើការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអ្នកជម្ងឺឆ្លងដែន ដែលស្របតាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) និងកំណត់រួមនៃ MOU រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសទាំង២ កម្ពុជា ថៃ។ពោលគឺធ្វើអោយបានរហ័ស ទំនើបនិងមានប្រសិទ្ធភាព បញ្ចៀសនូវការប្រឈមន្ងការបាត់បង់ជីវិត។
និងទី៣ – យោងការរួមសហការស្តីពីសម្ព័ន្ធភាពក្នុងការអនុញ្ញាតអោយពលរដ្ឋកម្ពុជាប្រើប្រាស់ប័ណ្ណព្រំដែន(BorderPass) ដើម្បីចូលទៅធ្វើការឬធ្វើដំណើរ ស្នាក់នៅ ជម្រៅ២ខេត្តក្នុងប្រទេសថៃជាដើម។ ក៏អនុញ្ញាតិអោយប្រើប្រាសសំបុត្រចូលផ្សារថៃនៅតំបន់ព្រំដែនផងដែរ។
ឯកសារទាំងនេះ នឹងបញ្ជូនទៅសុំការឯកភាពពីរឧបនាយករដក្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំង២ យ៉ាងយូរ១ខែ។
ឱកាសនោះ ប្រធាននិងសមាជិកគណប្រតិភូខេត្តទាំង២ បានជូនវត្ថុអនុស្សាវរីយ៍គ្នា ។ហើយលោកឧកញ៉ា សំ ផាន់ណារិទ្ធុ ប្រធានក្រុមហ៊ុនសំ ផាន់ណារឹទ្ធិឌឺវែលឡុបមិន ដែលទទួលសិទ្ធិវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនតំបន់៤៣ នេះក៏បានផ្តល់ជូនវត្ថុអនុស្សាវរិយ៍ចំពោះអភិបាលខេត្ត នាយករដ្ឋបាល មេបញ្ជាការកងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំង២ផងដែរ៕ ដោយ : បន្អាយ